សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការចុះទៅតំបន់ខ្នងផ្សារ និងទេទឹកពុះ គឺដើម្បីតាមដានការអភិវឌ្ឍន៍ជាក់ស្ដែង មិនពឹងផ្អែកតែលើរបាយការណ៍


(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចុះទៅតំបន់ខ្នងផ្សារ និងទេទឹកពុះ ស្ថិតក្នុងខេត្តកំពង់ស្ពឺ កាលពីប៉ុន្មានថ្ងៃមុននេះ គឺដើម្បីពិនិត្យ និងតាមដានការងារអភិវឌ្ឍន៍ជាក់ស្ដែងនៅមូលដ្ឋាន ស្របតាមផែនការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយមិនពឹងផ្អែកតែលើរបាយការណ៍នោះទេ។

ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន ព្រមទាំងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនគរុសិស្ស និងគរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំទៅថ្ងៃអាទិត្យអត់ព្រៀងទុកទេទៅខ្នងផ្សារ តែគោលដៅមែនខ្នងផ្សារហេ ទៅទេទឹកពុះ ខ្ញុំទៅទេទឹកពុះ  ខ្ញុំទៅគឺដើម្បី ខ្ញុំទៅគឺដើម្បីតាមដានត្រួតពិនិត្យ ព្រោះទម្លាប់ខ្ញុំ បើខ្ញុំដាក់ផែនការលើការងារអីមួយល្អិតដែលខ្ញុំយកចិត្តទុកដាក់ គឺខ្ញុំទៅមើលហើយ អត់ស្ដាប់តែរបាយការណ៍ទេ ខ្ញុំមិនធ្វើគ្រប់ទេ ខ្ញុំយកតែគោលដៅមួយចំនួន។ ពេលដល់ខ្ញុំបានជួបជាមួយប្រធានសហគមន៍ ហើយខ្ញុំបានយល់អំពីតម្រូវការរបស់សហគមន៍ និងឲ្យគោលការណ៍ទៅកាន់ពួកគាត់ថា​ធ្វើយ៉ាងមិច ដើម្បីអភិវឌ្ឍន៍ តំបន់សហគមន៍នេះ ឲ្យក្លាយជាសហគមន៍គំរូមួយដើម្បីយកអភិវឌ្ឍន៍នៅមូលដ្ឋាន»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទេទឹកពុះ សម្ដេចបានជួបពិភាក្សាជាមួយប្រធានសហគមន៍ ដើម្បីស្វែងយល់អំពីតម្រូវការ និងទិសដៅអភិវឌ្ឍន៍ក្នុងតំបន់។ តាមរយៈការចុះពិនិត្យផ្ទាល់ សម្ដេចបានសង្កេតឃើញថា មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅកម្សាន្តយ៉ាងច្រើន ដែលបង្ហាញពីសក្ដានុពលទេសចរណ៍នៃតំបន់នេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដំណើរទៅកាន់ទីនោះ គឺដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍ដែលបានដាក់ចេញកន្លងមក មិនមែនជាការដើរកម្សាន្ត ដូចការរិះគន់មួយចំនួននៅលើបណ្ដាញសង្គមនោះឡើយ។ សម្ដេចបានរំឭកថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ សម្ដេចបានចុះទៅតំបន់ខ្នងផ្សារ ជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ស្ពឺ ដើម្បីសិក្សាពីសក្ដានុពលទេសចរណ៍ និងស្ថានភាពរស់នៅរបស់ប្រជាសហគមន៍នៅទីនោះ។

ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយប្រធានសហគមន៍ និងបានស្វែងយល់អំពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងការបង្កើនចំណូលតាមរយៈវិស័យទេសចរណ៍។ ជាមួយគ្នានេះ សម្ដេចបានផ្ដល់គោលការណ៍ឲ្យរៀបចំអភិវឌ្ឍតំបន់ខ្នងផ្សារ ឱ្យក្លាយជាសហគមន៍គំរូមួយ ដែលអាចបង្កើតចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយនិរន្តរភាព។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិទាំងនេះ ត្រូវធានាឲ្យប្រជាសហគមន៍ទទួលបានផលប្រយោជន៍ពិតប្រាកដ និងមិនត្រូវឲ្យការវិនិយោគឯកជនណាមួយ ប៉ះពាល់ដល់ផលប្រយោជន៍របស់សហគមន៍នោះឡើយ ពោលគឺឲ្យការវិនិយោគឯកជនទាក់ទាញភ្ញៀវសម្រាប់ប្រជាសហគមន៍ក្នុងមូលដ្ឋាន។

ភ្នំខ្នងផ្សារ គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វនៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ក្នុងទឹកដីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ វាជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកចូលចិត្តការផ្សងព្រេង ដើរឡើងភ្នំ បោះតង់ និងគយគន់ទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល។ នៅទីនោះ ភ្ញៀវទេសចរអាច៖ ជិះគោយន្តសហគមន៍ ពីភូមិតាំងបំពង់ទៅជើងភ្នំ (បច្ចុប្បន្នអាចជិះរថយន្តបានដល់ជើងភ្នំ)។ដើរឡើងភ្នំ ដោយថ្មើរជើងប្រមាណ៣ ម៉ោង ឬលើសពីនេះ ដើម្បីទៅដល់កំពូលភ្នំ។ បោះតង់ សម្រាកលំហែកាយនៅលើកំពូលភ្នំ។ គយគន់ទេសភាព ដ៏ស្រស់ស្អាតនៃពពក ព្រៃឈើ និងថ្ងៃរះ ឬថ្ងៃលិច។

សម្រាប់ចម្ងាយចម្ងាយពីភ្នំពេញទៅខ្នងផ្សារ គឺប្រហែល ១២០ គីឡូម៉ែត្រ។ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៤ រហូតដល់ផ្លូវបំបែកក្រុងច្បារមន រួចបត់ស្តាំចូលផ្លូវជាតិលេខ ៤៤។ ពីទីរួមខេត្តកំពង់ស្ពឺ ទៅស្រុកឱរ៉ាល់មានចម្ងាយ៥០ គីឡូម៉ែត្រ។ រួចបន្តដំណើរបន្តិចទៀតនឹងទៅដល់ជើងភ្នំខ្នងផ្សារ៕