អភិបាលខេត្តបាត់ដំបង ប្រគល់បណ្ណកម្មសិទ្ធិដីធ្លី ៣,៣៦១បណ្ណ​ ជូនពលរដ្ឋ ១,០៤៧គ្រួសារ នៅឃុំខ្នាចរមាស ស្រុកបវេល


(បាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៣,៣៦១បណ្ណ ជូនប្រជាពលរដ្ឋចំនួន ១,០៤៧គ្រួសារ ស្ថិតនៅភូមិកោះរាម និងភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល។ ពិធីនេះធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅបរិវេណវត្តខ្នាចរមាស។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ចំពោះការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសសំដៅសម្រេចឱ្យបានព្រំដីដែលមានភាពច្បាស់លាស់កាត់បន្ថយទំនាស់ដីធ្លី។

ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកបន្តដល់កូនចៅជំនាន់ក្រោយ និងក្រើនរំឭកដល់មន្រ្តី អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវសហការគ្នាពន្លឿនការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋនិងមិនត្រូវទារកម្រៃសេវាក្រៅផ្លូវការខុសពីគោលការណ៍នោះទេ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយភាគីថៃ និងណែនាំដល់ប្រជាពលរដ្ឋត្រូវមានស្មារតីជាតិនិយម ចូលរួមគាំទ្រផលិតផលខ្មែរ ពង្រឹងសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានដាស់តឿនដល់ប្រជាពលរដ្ឋកុំជឿលើព័ត៌មានមិនពិត ត្រូវតាមដានព័ត៌មានពិតតាមបណ្ដាញសង្គមផ្លូវការ ត្រូវអប់រំកូនចៅឱ្យគោរពច្បាប់ចរាចរណ៍ រក្សាអនាម័យបរិស្ថាន ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ករណីគ្រឿងញៀន។

ប្រជាពលរដ្ឋបានសម្ដែងអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបង ដែលបានផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។

សូមបញ្ជាក់ថា សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចេញដោយក្រសួងផែនការត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចំណែកគ្រួសារទូទៅត្រូវបង់សេវា១ម៉ែត្រការ៉េ ៤រៀល សម្រាប់ដីកសិកម្ម និង ១ម៉ែត្រការ៉េ ៣០រៀល​ សម្រាប់ដីសាងសង់៕