ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់ ឆ្នាំ២០២៦ នៅខេត្តព្រៃវែង


(ព្រៃវែង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអញើញពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់ អភិសន្តិបណ្ឌិត ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តព្រៃវែង។

​តាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់អភិសន្តិបណ្ឌិត ស សុខា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់ក្រុមបាល់ទាត់។ ការប្រកួតនេះមិនត្រឹមតែជាការស្វែងរកជើងឯកនោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាព និងការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជន និងយុវជន។

​ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាបាល់ទាត់ក្នុងខេត្តឱ្យកាន់តែរីកចម្រើន ជំរុញចលនាយុវជនឱ្យចូលចិត្តលេងកីឡាដើម្បីជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ព្រមទាំងដើម្បីជ្រើសរើសបាននូវកីឡាករដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់។

​គួររំលឹកផងដែរថា ព្រឹត្តិការណ៍ពានរង្វាន់នេះបានរៀបចំឡើង ចំនួន២លើករួចមកហើយ គឺនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ប្រកបដោយជោគជ័យ។ សម្រាប់លើកទី៣ ក្នុងឆ្នាំ២០២៦នេះ ការប្រកួតបានចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែកុម្ភៈ ដោយមានក្រុមកីឡាករចូលរួមប្រកួតយ៉ាងច្រើនកុះកររហូតដល់ ១៩ក្រុម មកពីបណ្តាស្រុក និងសមាគមនានាក្នុងខេត្ត។

ជាលទ្ធផល ក្រោយឆ្លងកាត់ការប្រកួតជម្រុះយ៉ាងស្វិតស្វាញ ចំនួន ១៨ប្រកួត គណៈកម្មការបានរកឃើញម្ចាស់ជ័យលាភី លេខ៣ គឺក្រុមបក្សីស្លាបមាសស្ទឹងស្ងួត ខណៈដែលការប្រកួតវគ្គ ផ្តាច់ព្រ័ត្រក្នុងថ្ងៃនេះ គឺជាការតទល់គ្នាយ៉ាងជក់ចិត្តរវាង ក្រុមកីឡាបាល់ទាត់សេះចម្បាំងស្រុកកំពង់ត្របែក និងក្រុមកីឡា បាល់ទាត់ភូមិ៥ ដោយក្នុងក្រុមកីឡា បាល់ទាត់ភូមិ៥ ទទូលបាជ័យលាភីលេខ១៕