ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពជាក់ស្តែងនៃសំណង់ទំនើបកម្មប្រព័ន្ធធារាសាស្ត្រកំពង់គោ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ


នារសៀលថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញ និងទីប្រឹក្សាបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងវឌ្ឍនភាពការងារនៃសំណង់ទំនើបកម្មប្រព័ន្ធធារាសាស្ត្រកំពង់គោ ត្រង់ចំណុចប្រសព្វស្ទឹងស្លាប់ ស្ទឹងតាំងក្រសាំង និងអូរដូនពៅ ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសចុះពិនិត្យការងារបច្ចេកទេស ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលក្ខណៈបច្ចេកទេសនៃសំណង់ ព្រមទាំងបានគូសបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃប្រព័ន្ធធារាសាស្ត្រទំនើបមួយនេះ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចប្រតិបត្តិការគ្រប់គ្រង និងបញ្ជាទឹក។ ក្នុងនោះ ប្រព័ន្ធធារាសាស្ត្រនេះមិនត្រឹមតែជួយក្នុងកិច្ចការរំដោះ និងបញ្ចៀសទឹកជំនន់ ដើម្បីការពារទីរួមខេត្តកំពង់ធំ និងតំបន់ទីប្រជុំជននានាមិនឱ្យរងការលិចលង់ក្នុងរដូវវស្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពខ្ពស់ក្នុងការស្ទាក់ និងស្ដុកទឹកទុកសម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងរដូវប្រាំង ស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្នផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា សំណង់ធារាសាស្ត្រដ៏ទំនើប និងមានលក្ខណៈខ្វាត់ខ្វែងមួយនេះ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈការទាញយកប្រភពទឹកទៅប្រើប្រាស់ក្នុងការបង្កបង្កើនផលកសិកម្ម និងការដាំដុះដំណាំរួមផ្សំផ្សេងៗបានគ្រប់រដូវកាល ក្នុងទិសដៅបង្កើនប្រាក់ចំណូល ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារប្រជាកសិករឱ្យកាន់តែប្រសើរឡើង ប្រកបដោយចីរភាព៕