ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ទិវាជាតិនេះ ក្រសួងនឹងរៀបចំដាក់តាំងបង្ហាញពីវឌ្ឍនភាពពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានការចូលរួមពីក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍ និងផ្នែកពាក់ព័ន្ធនានា សរុបចំនួន ៩៩អង្គភាព ស្មើនឹង ១៨០ស្តង់ ព្រមទាំងមានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ពីវាគ្មិនល្បីៗ ។
ពិធីនេះ នឹងប្រព្រឹត្តិទៅចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៨:០០នាទីយប់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ (G,H,I,J,K,L) រាជធានីភ្នំពេញ ដោយកម្មវិធីសំខាន់ៗដូចជា៖
១.កិច្ចពិភាក្សាលើប្រធានបទ ស្តីពី «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»
២.ការបង្ហាញ និងចែករំលែកបទពិសោធន៍របស់សិស្សសិក្សា និងជោគជ័យក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
៣.ការរៀបចំធ្វើតេស្តនិងទស្សនាការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន-RPL របស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ លើមុខជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ និងការដំឡើងបណ្តាញបំពង់ទឹក
៤.ការទស្សនាភូមិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានតាំងនូវស្នាដៃស្រាវជ្រាវ គំនិតច្នៃប្រឌិតរបស់សាធារជនដែលអាចប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យសំណង់ ជាដើម ដើម្បីបណ្តុះគំនិតដល់យុវជនជំនាន់ក្រោយឱ្យស្រលាញ់ជំនាញបច្ចេកទេស
៥.ការទស្សនាពិព័រណ៍វឌ្ឍនភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនិងទស្សនាការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន-RPL របស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ លើមុខជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ និងការដំឡើងបណ្តាញបំពង់ទឹក
៦.ការតាំងបង្ហាញសមិទ្ធផលនានារបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា អង្គការ សមាគម ព្រមទាំងខ្សែសង្វាក់ផលិតកម្មក្រុមហ៊ុនឯកជននានា
៧.ការទទួលបានព័ត៌មានសិក្សាអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ព័ត៌មានអាហាររូបករណ៍ ហើយអាចមកចុះឈ្មោះរៀនភ្លាមៗបានដោយផ្ទាល់ និងអាចមកដាក់ពាក្យស្វែងរកការងារភ្លាមៗ ជាមួយក្រុមហ៊ុនធំៗ ក្នុងថ្ងៃនោះ និង
មានកម្មវិធីកម្សាន្តផ្សេងៗទៀតផងដែរ។
ព្រមជាមួយគ្នានេះ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ក៏នឹងប្រារព្ធព្រមគ្នានៅគ្រប់ខេត្តទូទាំងប្រទេសផងដែរ៕










