ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ការប្រើប្រាស់យានយន្តអគ្គិសនី (EV) បានចូលរួមចំណែកសំខាន់ ដល់កិច្ចគាំពារបរិស្ថាន ជួយវិស័យការដឹកជញ្ជូនបៃតង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ការលើកឡើងបែបនេះ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី និងមេត្រីបរិស្ថាននៅប្រទេសកម្ពុជា» រវាង ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៉ិនដាសស្រួល (ខេមបូឌា) ឯ.ក នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (ឧស្ម័នកាបូនឌីអុកស៊ីត) ការកាត់បន្ថយការបំពុលខ្យល់ ចេញពីប្រេងឥន្ធនៈបញ្ចេញដោយយានយន្ត និងការលើកកម្ពស់ថាមពលបៃតង។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា គឺជាយុទ្ធសាស្ត្រស្នូល ក្នុងការអនុវត្តរបាយការណ៍ រួមចំណែកជាតិ NDC3.0 តាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីវិស័យដឹកជញ្ជូន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តសាធារណជនឱ្យចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (https://data.opendevelopmentcambodia.net/km/library_record/circular-strategy-on-environment-2023-2028) ក្នុងការសម្រេចបាននូវសសរស្តម្ភទាំង៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបាននូវសុខុមាលភាព និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា កម្ពុជាជំរុញការប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីឆ្លើយតបនឹងគោលនយោបាយអាកាសធាតុ ដោយផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការកំណត់ទិសដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ដើម្បីឆ្ពោះទៅរក អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ កម្ពុជាបានតាំងចិត្តបង្កើនការប្រើប្រាស់រថយន្តអគ្គិសនី ឱ្យបានចន្លោះពី៣៥ ទៅ ៤០% និងម៉ូតូអគ្គិសនីឱ្យដល់ ៧០% នៅត្រឹមឆ្នាំ២០៥០៕


















