សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតអបអរសាទរ គោរពជូនលោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានរដ្ឋសភានៃសភាសហព័ន្ធ (ឌូម៉ា) សហព័ន្ធរុស្ស៊ី និងសហការី ព្រមទាំងប្រជាជន នៃសហព័ន្ធរុស្ស៊ី ក្នុងឱកាសប្រារព្ធខួបជាប្រវត្តិសាស្ត្រ នៃទិវាបុណ្យជាតិរុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
យោងតាមសារលិខិតដែលបណ្ដាញព័ត៌មានទទួលបាន មានខ្លឹមសារដូច្នេះថា «តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាង កក់ក្តៅបំផុត និងស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋសភា សហការី ព្រមទាំងប្រជាជន នៃ សហព័ន្ធរុស្ស៊ី ក្នុងឱកាសប្រារព្ធខួបជាប្រវត្តិសាស្ត្រ នៃទិវាបុណ្យជាតិរុស្ស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់ វិស័យរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសយើងទាំងពីរ នឹងបន្តរីកចម្រើនលូតលាស់ រឹងមាំបន្ថែមទៀតនា ពេលអនាគត ដើម្បីជាឧត្តមប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សម្រាប់ប្រជាជនទាំងសងខាង ក៏ដូចជាការរួម វិភាគទានដ៏សំខាន់ដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក។
សូម ឯកឧត្តមប្រធានរដ្ឋសភា ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងសូមជូនពរ ឯកឧត្តម ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យដ៏ត្រចះត្រចង់គ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តម ព្រមទាំងសូមជូនពរ ដល់សហព័ន្ធរុស្ស៊ី បន្តទទួលបាននូវវឌ្ឍនភាព និងវិបុលភាពជានិច្ចនិរន្តរ៍»៕



