លំបាកយូរឆ្នាំ! ពេលនេះសម្តេចតេជោ និងសម្តេចធិបតី សម្រេចសាងសង់ស្ពានដែកបាឡេ និងធ្វើផ្លូវក្រួសក្រហមជូន ប្រជា ពលរដ្ឋនៅភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក


សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជន បានសម្រេចសាងសង់ស្ពានដែកបាឡេ​ឆ្លងស្ទឹង​ស្ទោង និងធ្វើផ្លូវក្រួសក្រហមមួយខ្សែប្រវែងជិត៣០គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋនៅក្នុងភូមិ​គេន្ទាក ឃុំ​សាគ្រាម ស្រុក​ប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផល។

ភូមិគេន្ទាក ជាភូមិមួយក្នុងចំណោមភូមិទាំង១១នៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្ត​កំពង់ធំ។ ភូមិនេះមានប្រជាពលរដ្ឋសរុបជិត ១ពាន់គ្រួសារ ដែលភាគច្រើនជាអ្នកប្រកប​របរ​ធ្វើ​ស្រែចម្ការ និងចៀរជ័រកៅស៊ូ ដើម្បីទ្រទ្រង់ជីវភាព។

បច្ចុប្បន្នក្នុងភូមិគេន្ទាកនេះ ប្រជាពលរដ្ឋប្រឈមនឹងការលំបាកពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និង​ស្ពាន ផ្លូវភាគច្រើនជាផ្លូវដី។ បញ្ហាលំបាកដែលប្រជាពលរដ្ឋក្នុងភូមិប្រឈមជាងគេ គឺស្ពាន​សម្រាប់​ឆ្លងស្ទឹងស្ទោង។ បច្ចុប្បន្នដើម្បីឆ្លងស្ទឹងស្ទោងនេះ មានស្ពានយោលមួយខ្សែ។ ស្ពាននេះ អាចឱ្យប្រជាពលរដ្ឋជិះម៉ូតូ និងបើកគោយន្តឆ្លងកាត់ តែមិនអាចដឹកជញ្ជូនធ្ងន់ៗឆ្លងកាត់បាន​នោះ​​ឡើយ។

នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេស​សម្តេច​​តេជោ ហ៊ុន សែន បានចុះទៅពិនិត្យដោយផ្ទាល់នូវស្ថានភាពស្ពានយោលស្ទឹង​ស្ទោង​នេះ​។ ទន្ទឹមនឹងការចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពស្ពានយោលស្ទឹងស្ទោងនេះរួចហើយនោះ លោក​អ្នកឧកញ៉ា ទ្រី ភាព ក៏បានប្រកាសពីការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​​មហាបវរធិបតី ហ៊ុន ម៉ាណែត ជួយសាងសង់ស្ពានដែកបាឡេប្រវែងប្រមាណ ៩០ម៉ែត្រ ដើម្បី​ជួយសម្រួលការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ។

លោកអ្នកឧកញ៉ា ទ្រី ភាព បានបញ្ជាក់ថា សម្តេចតេជោ និងសម្តេចធិបតី តែងយកចិត្តទុកដាក់​លើសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ។ គ្រាន់តែឮពីការលំបាករបស់ប្រជាពលរដ្ឋខ្វះ​ស្ពានឆ្លងស្ទឹង សម្តេចទាំងទ្វេ ក៏សម្រេចឱ្យលោកអ្នកឧកញ៉ា ចាត់ចែងសាងសង់ស្ពាន​ដែក​បាឡេ​ជាបន្ទាន់ជូនប្រជាពលរដ្ឋ។

បើតាមលោកអ្នកឧកញ៉ា ទ្រី ភាព ការដ្ឋានសាងសង់ស្ពានដែកបាឡេប្រវែង៩០ម៉ែត្រនេះ នឹង​ចាប់​​ផ្តើមក្នុងពេល​ឆាប់ៗ​ខាងមុខនេះ។ ស្ពាននេះ បើត្រឹមជាស្ពានដែកបាឡេក្តី តែបាននាំមកនូវក្តី​រីករាយសម្រាប់ប្រជាពល​រដ្ឋក្នុង​ភូមិ​គេន្ទាក ព្រោះស្ពាននេះនឹងជួយឱ្យពួកគាត់ធ្វើដំណើរងាយ​ស្រួលជាងពេលបច្ចុប្បន្ន ជាពិសេសការដឹកជញ្ជូនកសិផល។

សូមបញ្ជាក់ថា នៅក្នុងគេន្ទាកនេះ ក្រៅពីការសាងសង់ស្ពានដែកបាឡេហើយនោះ សម្តេច​តេជោ និងសម្តេចមហាបវរធិបតី តាមរយៈលោកអ្នកឧកញ៉ា ទ្រី ភាព បានសម្រេច​ជួយ​សាង​សង់​ផ្លូវក្រួសក្រហមមួយខ្សែទៀតប្រវែងជិត៣០គីឡូម៉ែត្រ។ ផ្លូវមួយខ្សែនេះ តភ្ជាប់ពីភូមិអន្លង់​ជួរ ឃុំក្រយា ទៅដល់ភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ផ្លូវមួយខ្សែនេះ ក៏ដើរតួនាទីយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅធ្វើការ ទៅស្រែចម្ការ និងសិស្សទៅ​សាលារៀន៕