មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ រាជរដ្ឋាភិបាល កំពុងជំរុញការធ្វើបរិវត្តកម្មយេនឌ័រ ដើម្បីកាត់បន្ថយគម្លាតយេនឌ័រ


លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការធ្វើបរិវត្តកម្មយេនឌ័រ ដែលជា ដំណាក់កាលឈានមុខមួយ ក្នុងការបញ្ជ្រាបយេនឌ័រ ដើម្បីកាត់បន្ថយគម្លាតយេនឌ័រ និងលើកកម្ពស់ការចូលរួម ប្រកបដោយសមធម៌របស់បុរស-ស្ត្រី និងក្រុមជនងាយរងគ្រោះ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកជំទាវ អុង សុភាវី ដឹកនាំកិច្ចប្រជុំ ស្ដីពីការចុះសិក្សាស្វែងយល់ ពីសកម្មភាពបញ្ច្រាបយេនឌ័រ និងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្រ្តី ក្នុងអង្គភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ក្រុមការងារក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។

លោកជំទាវ អុង សុភាវី បានលើកឡើងថា កិច្ចប្រជុំនេះ មានសារៈសំខាន់ ក្នុងការពង្រឹងចំណេះដឹងជំនាញ និងសមត្ថភាពរបស់សិក្ខាកាម ដើម្បីបន្តផ្សព្វផ្សាយ បណ្តុះបណ្តាល និងបញ្ជ្រាបទស្សនៈយេនឌ័រ​ ឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។

លោកជំទាវបានវាយតម្លៃខ្ពស់ ពីសកម្មភាពការងាររដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរមន្រ្តីពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មបំពេញភារកិច្ចការងារ និងចែករំលែកបទពិសោធន៍ ជាក់ស្តែង ក្នុងការពង្រឹងការយល់ដឹង និងសមត្ថភាពលើការងារយេនឌ័រ ដើម្បីគាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាប័ន្នក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

បន្ថែមពីនោះទៀត លោកជំទាវបន្តថា ការទទួលចំណេះដឹងសំខាន់ៗ ពាក់ព័ន្ធនឹងទស្សនៈយេនឌ័រ ការបញ្ជ្រាបយេនឌ័រ ការបង្ការ និងទប់ស្កាត់អំពើហិង្សា និងការបៀតបៀន នៅកន្លែងការងារ ព្រមទាំងការយល់ដឹងអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការសំខាន់ក្នុងការពង្រឹងយុត្តិធម៌ សុខដុមរមនា និងភាពធន់រក្នុងសង្គម។

លោកជំទាវ អុង សុភាវី បានលើកឡើងថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពមុតមាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ «មនុស្ស» ជាអាទិភាពទីមួយក្នុងចំណោមអាទិភាពសំខាន់ទាំង៤ រួមមាន មនុស្ស ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។

លោកជំទាវបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការធ្វើបរិវត្តកម្មយេនឌ័រ (Gender Transformation) ដែលជាដំណាក់កាលឈានមុខមួយ ក្នុងការបញ្ជ្រាបយេនឌ័រ ដើម្បីកាត់បន្ថយគម្លាតយេនឌ័រ និងលើកកម្ពស់ការចូលរួមប្រកបដោយសមធម៌របស់បុរស ស្ត្រី និងក្រុមជនងាយរងគ្រោះ។

បើតាមលោកជំទាវ អុង សុភាវី. ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តជំរុញការលើកកម្ពស់សិទ្ធិស្ត្រី ការអភិវឌ្ឍសមត្ថភាព និងការបង្កើនការចូលរួមរបស់មន្ត្រីជាស្ត្រី ក្នុងមុខតំណែងដឹកនាំ និងការសម្រេចចិត្តនៅគ្រប់កម្រិត៕