សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងបកស្រាយចំពោះសំណររបស់សម្ដេច ដែលបានលើកឡើង កាលអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរថា «មិនគួរឱ្យរបួសកូនដៃមួយ ទុកឱ្យរាងកាយទាំងមូលត្រូវពិការនោះទេ» ដែលប្រយោគនេះ មិនមែនចាត់ទុកបញ្ហាដី ដែលថៃកាន់កាប់ដោយខុសច្បាប់ ជាបញ្ហាប៉ិនកូនដៃ ដូចក្រុមប្រឆាំងបកស្រាយនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងប្រយោគនេះអ្វីដែលចង់សម្តៅទៅ ដល់គឺមិនចង់ឱ្យបញ្ហានៅទល់ដែននេះ ក្លាយទៅជាបញ្ហាប៉ះពាល់ ដល់សង្គម និងសេដ្ឋកិច្ចទាំងមូលនោះទេ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋភៀសសឹកចំនួន៣ ៣១៨គ្រួសារ កំពុងស្នាក់នៅមជ្ឈមណ្ឌលភៀសសឹកបណ្តោះអាសន្នក្នុងភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំបានបង្ហោះសារមួយលើកឡើងថា របួសកូនដៃមួយមិនគួរឲ្យទុកឱ្យរាងកាយទាំងមូល ត្រូវពិការនោះទេ ពួកក្រុមប្រឆាំងបានយកទៅក្រឡៃថា លោក ហ៊ុន សែន និយាយថា រឿងទល់ដែនជារឿងប៉ុនកូនដៃ វាតែងតែឆ្គួតបែបនេះ ហេតុដូច្នេះហើយបានខ្ញុំនិយាយថា ងើបមួយវ៉ៃមួយបានបានមិនអាចទុកឲ្យងើបបានឡើយ ព្រោះបើមិនបោសសម្អាតខាងក្រោយនោះទេ គឺចូលខាងមុខមិនបានឡើយ [……]»។
សម្ដេចតេជោបានបញ្ជាក់ថា យើងកំពុងប្រឈមនឹងបញ្ហាសត្រូវនៅខាងមុខ ដូច្នេះមិនអនុញ្ញាតឲ្យអ្នកណាមកវ៉ៃយើង ពីក្រោយខ្នងបាននោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំមិនបាននិយាយថា រឿងប៉ុនកូនដៃនោះទេ ខ្ញុំគ្រាន់តែនិយាយថា របួសកូនដៃមួយមិនគួរទុកឲ្យរូបរាងកាយទាំងមូលពិការនោះទេ មានន័យថា រឿងព្រំដែនកម្ពុជា-ថៃ មិនគួរឲ្យគាំដំណើរការ សេដ្ឋកិច្ច-សង្គមនៅខាងក្រោយនោះទេ[……]»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេដ្ឋកិច្ច-សង្គមត្រូវដំណើរការជាធម្មតា ការផលិត, ការនាំចេញត្រូវមានដំណើរការធម្មតា ជាក់ស្ដែងនៃការដំណើរការធម្មតានេះបានធ្វើឲ្យ៣ខែដើមឆ្នាំកម្ពុជាយើងនាំចេញស្មើនឹង១៨ពាន់លានដុល្លារ កើនឡើងចំនួន២០ភាគរយ ដូច្នេះហើយបានយើងត្រូវសួរថា តើយើងត្រូវនាំចេញឬមិនគួរនាំចេញ៕



































