សម្តេចតេជោ ហ៊ុន សែន ដាក់ឈ្មោះ​មជ្ឈមណ្ឌល​ជនភៀសសឹកនៅស្លក្រាម ជា «ភូមិរង់ចាំ» ហើយប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនបោះបង់ចោលការទាមទារ និងការពារបូរណភាពទឹកដីរបស់ខ្លួននោះឡើយ


សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានប្រសិទ្ធនាមឲ្យមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជា «ភូមិរង់ចាំ»។

ការសម្រេចនេះធ្វើឡើង ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងចែកអំណោយជូន ជនភៀសសឹក ៣,៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវដំបូងខ្ញុំចង់ប្រសិទ្ធនាម ហេតុអីបានយើងត្រូវកសាងផ្ទះនេះ តើផ្ទះនេះភូមិនេះ គួរដាក់ភូមិអី? ខ្ញុំសំណូមពរចេះយើងមិនមែនធ្វើភូមិហើយបោះបង់ចោលការទាមទារដីរបស់យើងទេ ភូមិនេះខ្ញុំសុំស្នើដាក់ថាជា ភូមិរង់ចាំ ចឹងសូមបែកចែកប្លុកទៅ ភូមិរងចាំទី១ ទី២ ទី៣ ទី៤»។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ការបង្កើត «ភូមិរង់ចាំ» គឺដើម្បីផ្ដល់ទីស្នាក់នៅ និងសម្រួលជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានការណ៍តាមតំបន់ព្រំដែន ប៉ុន្តែមិនមែនមានន័យថា រាជរដ្ឋាភិបាលកម្ពុជា បោះបង់ចោលការទាមទារ និងការពារបូរណភាពទឹកដីរបស់ខ្លួននោះឡើយ។

បើតាមប្រសាសន៍សម្ដេចប្រមុខរដ្ឋស្ដីទី, កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណាដែលកើតឡើងដោយការប្រើប្រាស់កម្លាំង ឬការឈ្លានពាន និងកាន់កាប់ដោយឯកតោភាគីនោះទេ។ ពោលគឺ នៅក្នុងទំនាក់ទំនងអន្តរជាតិ និងតាមគោលការណ៍ច្បាប់អន្តរជាតិ នឹងមិនមានការទទួលស្គាល់ការកាន់កាប់ទឹកដីដោយប្រើកម្លាំងនោះឡើយ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងសារជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ តាមគ្រប់មធ្យោបាយទាំងអស់ ដោយស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ៕