ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួមលោក Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រជាជនសាធារណរដ្ឋកូរ៉េ ជូនចំពោះប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ តាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH)។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ខាងលើនេះ ក៏មានអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យ ហា អ៊ីលស៊ូ ប្រធានមូលនិធិសម្រាប់ការថែទាំសុខភាពអន្តរជាតិកូរ៉េ (KOFIH), ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់, លោក សុង យ៉ុងហ្គន់ តំណាងមូលនិធិ KOFIH ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្នុងឳកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាននាំយកនូវការសាកសួរសុខទុក្ខ និងការនឹករលឹកដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ និងផ្ញើសេចក្តីនឹករលឹកដល់ប្រជាពលរដ្ឋ ដែលមានបំណងប្រាថ្នាសូមឱ្យប្រជាពលរដ្ឋគ្រប់ៗរូបមានសុខភាពល្អ។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ ដែលបានជួយក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។ តាមរយៈជំនួយនេះ គឺពិតជាបានចូលរួមសម្រេចគោលដៅយុទ្ធសាស្ត្រ របស់ក្រសួងសុខាភិបាល លើការប្រយុទ្ធនឹងជំងឺមិនឆ្លង បន្ថយអត្រាឈឺ និងអត្រាស្លាប់ ឈានឆ្ពោះការសម្រេចបានការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជាឆ្នាំ២០៣៥ ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោល ដោយមិនទទួលបានការថែទាំព្យាបាលសេវាសុខភាពនោះឡើយ (no one left behind)។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលគ្រប់កម្រិត ដែលកន្លងមកបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ជូនប្រជាពលរដ្ឋ ជាពិសេសថ្មីៗនេះ ក្នុងព្រឹត្តិការណ៍នៃសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ដែលមន្រ្តីសុខាភិបាលរបស់យើង ជាបានរួមចំណែកយ៉ាងសកម្មប្រកបដោយឆន្ទៈមុតស្រួច ក្លាហាន មោះមុត ប្តូរផ្តាច់ ដើម្បីជួយសង្រ្គោះ ថែទាំនិងព្យាបាលដល់វីរកងទ័ពជួរមុខរបស់យើង ព្រមទាំងចូលរួមចំណែករួមសុខ រួមទុក្ខ ទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសុខភាព និងទប់ស្កាត់ជំងឺនានាដល់បងប្អូនជនភៀសសឹក នៅតាមទីតាំងមណ្ឌលភៀសសឹកក្នុងស្រុកវាលវែង។
ឆ្លៀតក្នុងឱកាសពិសេសឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់មន្រ្តីសុខាភិបាលគ្រប់កម្រិត យកទៅអនុវត្តជាបន្ត៖
១៖ ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ គោរពម៉ោងបំពេញការងារ វិន័យ គោរពសិទ្ធិអ្នកជំងឺ និងការផ្លាស់ប្តូរឥរិយាបថ ក្នុងនាមជាអ្នកបម្រើសេវាសុខភាព។
២៖ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាឱ្យការបម្រើសេវាសុខាភិបាលរបស់ខ្លួន មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព សុចរិតភាព គុណធម៌ សមធម៌ និងតម្លាភាព ប្រកបដោយការទទួលខុសត្រូវ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។
៣៖ ខិតខំថែទាំនូវហេដ្ឋារចនាសម្ព័ន្ធដែលបានទទួលកន្លងមក កំពុងប្រើប្រាស់សព្វថ្ងៃ និងអគារដែលនឹង សម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ដោយធ្វើយ៉ាងណាឱ្យអគារទាំងឡាយ មានសោភ័ណភាព និងប្រកបដោយបរិស្ថានអនាម័យល្អ និងមានផាសុកភាព។
៤៖ បន្តពង្រឹង និងពង្រីកគុណភាពសេវា និងការងារគ្រប់គ្រងអង្គភាព រួមទាំងការគ្រប់គ្រងបុគ្គលិក ការ
បណ្តុះបណ្តាលជំនាញបន្ថែម ការធ្វើទំនើបកម្មនូវឧបករណ៍ សម្ភារៈ បរិក្ខារ នវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
៥៖ យកចិត្តទុកដាក់បន្ថែម ក្នុងការត្រៀមបង្ការទប់ទល់នឹងការកើតឡើងនូវជំងឺឆ្លងជាយថាហេតុ រួមទាំង ជំងឺមិនឆ្លងគ្រប់ប្រភេទ ដែលជាបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរជាអាតិភាពបំផុត។
៦៖ គ្រប់គ្រងឱ្យបានល្អប្រសើរ លើសេវាឯកជន ទាំងសេវាវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ។
៧៖ បន្តលើកកម្ពស់បន្ថែមទៀត នូវការថែទាំសុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំង គ្រប់ប្រភេទ និងជាប្រចាំ ដើម្បីមានភាពស៊ាំនៅក្នុងសហគមន៍។
៨៖ សម្របសម្រួល កៀរគរធនធានពីគ្រប់មជ្ឈដ្ឋាន រួមទាំងដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ដើម្បីទ្រទ្រង់ដល់ដំណើរការបម្រើសេវាសុខភាព ដោយរាប់បញ្ចូលពីបញ្ហាគ្រោះមហន្តរាយផ្សេងៗ និងសុខភាពតាមព្រំដែន ជាដើម។
សូមជម្រាបជូនថា អគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លារបស់ប្រជាជនសាធារណរដ្ឋកូរ៉េ ជូនចំពោះប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅខែមេសា ឆ្នាំ២០២៦។
អគារនេះ មានកម្ពស់ ៤ជាន់ (រាប់បញ្ចូលទាំងជាន់ផ្ទាល់ដី) ដែលមានទំហំផ្ទៃក្រឡាសរុប ៣.៤០៨,៥៣ ម៉ែត្រការ៉េ និងមានកម្ពស់ ១៧,៦៥ ម៉ែត្រ ចំណយថវិកាសរុប ១,៧៨២,៧៨៥.១៥ ដុលា្លអាមេរិក និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ សរុបចំនួន ២៤៩,៩៩២.៦០ដុលា្លអាមេរិក៕



















































