សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតជូនលោកបណ្ឌិត សាយសំផន ភូមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីអបអរក្នុងឱកាសនៃការប្រារព្ធខួប លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
នៅក្នុងសារលិខិតរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានខ្លឹមសារទាំងស្រុងដូចនេះថា តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត សហការី និងប្រជាជនឡាវជាបងប្អូន ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
ប្រទេសយើងទាំងពីរបានភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាពជាមួយគ្នាយ៉ាងជិតស្និទ្ធជាយូរអង្វែងមកហើយ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីដ៏ពិសេស និងភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយ ទំនុកចិត្ត។ ចំណងមិត្តភាពនៃប្រទេសយើងទាំងពីរ បានបន្តចាក់ឫសយ៉ាងជ្រៅជាប្រវត្តិសាស្ត្រ និងត្រូវបានពូនជ្រំពីមួយជំនាន់ទៅមួយជំនាន់ ដោយផ្អែកលើការជឿទុកចិត្តគ្នា ចំណងមិត្តភាពដ៏រឹងមាំ សាមគ្គីភាព និងបំណងប្រាថ្នារួមគ្នា ដើម្បីឆ្ពោះទៅរកការបន្តសម្រេចបាននូវសុខសន្តិភាព និងវិបុលភាព។
ខ្ញុំមានជំនឿយ៉ាង មុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសយើងទាំងពីរ នឹងបន្តរីកចម្រើនលូតលាស់កាន់តែរឹងមាំបន្ថែមទៀតនាពេលអនាគត ដើម្បីជាឧត្តមប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន យើងទាំងសងខាង។
សូមឯកឧត្តមបណ្ឌិត ប្រធានរដ្ឋសភា ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងសូមជូនពរ ឯកឧត្តមបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យដ៏ត្រចះត្រចង់ ព្រមទាំងសូមជូនពរដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្តទទួលបាននូវវឌ្ឍនភាព និងវិបុលភាពជានិច្ចនិរន្តរ៍៕





