អភិបាលរាជធានីភ្នំពេញ ប្តេជ្ញាបោសសំអាតបទល្មើស Online Scams មិនរាថយដាច់ខាត


ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយវត្តមានចូលរួមពីលោក លោកស្រី អភិបាលរងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោស្នងការរងរាជធានីភ្នំពេញ ព្រមទាំងលោក លោកស្រីអភិបាលខណ្ឌទាំង ១៤ផងដែរ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ក្រោយពីស្តាប់របាយការណ៍វឌ្ឍនភាព នៃការងារបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលរាយការណ៍ ដោយលោកស្នងការរង តំណាងលោកស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចមក លោកអភិបាលបានអនុញ្ញាតឱ្យអភិបាលខណ្ឌចូលរួមមតិយោបល់ ក៏ដូចជាការចែករំលែកបទពិសោធន៍ ព្រមទាំងបញ្ហាប្រឈមនានាក្នុងរង្វង់ប្រតិបត្តិការកន្លង ដើម្បីពិភាក្សារកដំណោះស្រាយធ្វើយ៉ាងណាឱ្យការងារបង្រ្កាបបទល្មើសនេះ កាន់តែមានប្រសិទ្ធភាព និងឈានដល់ការបង្រ្កាបឱ្យអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកស្រីអ្នកនាំពាក្យបន្តថា អភិបាលរាជធានីភ្នំពេញ បានផ្តល់ជាអនុសាសន៍ និងការដឹកនាំមួយចំនួនសម្រាប់ឱ្យប្រតិបតិ្តករទាំងអស់ ទាំងស្នងការដ្ឋាននគរបាល ទាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ យកទៅអនុវត្តបន្ត ជាពិសេសលោកអភិបាលក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា ការងារបង្រ្កាបបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scam) គឺត្រូវតែធ្វើដោយមិនរាថយដាច់ខាត ត្រូវតែចុះត្រួតពិនិត្យទីតាំងសង្ស័យឱ្យកាន់តែសកម្ម ហើយត្រូវប្រកាន់ខ្ជាន់នូវវិជា្ជជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ ក្នុងពេលចុះប្រតិបត្តិការ៕