អភិបាលខេត្តកំពត ប្រាប់អាជីវករ ត្រូវយកមនសិការជាតិមកប្រើ ក្នុងការនាំទំនិញពីក្រៅប្រទេស និងត្រូវគិតដល់ការលះបង់ជីវិតរបស់ពលរដ្ឋ និងវីរកងទ័ពកម្ពុជា


ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបការរត់ពន្ធថ្នាក់ខេត្ត បានប្រាប់ទៅកាន់ក្រុមអាជីវករអ្នកនាំទំនិញចូលមកកម្ពុជាទាំងអស់ ឱ្យប្រើមនសិកាជាតិ ក្នុងការនាំទំនិញចូល ហើយចែកចាយទៅកាន់ពលរដ្ឋប្រើប្រាស់។

ឯកឧត្តមអភិបាលខេត្តកំពត មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសដែលលោកដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ចុះពិនិត្យទីតាំងនាំចូលទំនិញ និងឃ្លាំងស្តុកទំនិញ គ្រឿងបង្កកផ្សេងៗ ក្នុងមូលដ្ឋានក្រុងកំពត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់លើការនាំទំនិញរបស់ថៃ ដែលជាទំនិញខុសច្បាប់ និងជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ ដែលពលរដ្ឋខ្មែរគ្រប់រូប ត្រូវធ្វើពហិកា ដើម្បីតបគុណដល់ការលះបង់ជីវិតរបស់ពលរដ្ឋ និងវីរកងទ័ពកម្ពុជា ដែលបង្កឡើងដោយប្រទេសថៃ។

ឯកឧត្តមអភិបាលខេត្តកំពត បានលើកឡើងថាទៀតថា ក្រោយមានជម្លោះព្រំដែនជាមួយប្រទេសថៃ ប្រជាជនកម្ពុជាបានធ្វើពហិការឈប់ប្រើប្រាស់ទំនិញ ដែលជាផលិតផលរបស់ប្រទេសថៃ ដើម្បីបង្ហាញពីជាតិនិយម ក៏ដូចការឈឺចាប់ ចំពោះការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ហើយក៏ជាការតបស្នងចំពោះការបាត់បង់ជីវិតរបស់ពលរដ្ឋ និងលះបង់សាច់ស្រស់ឈាមស្រស់របស់វីរកងទ័ពយើង។ ហើយក្រោយពេលរកឃើញថា មានអាជីវករ និងជនទុច្ចរិតមួយចំនួននៅតែបន្តលួចនាំចូលទំនិញ ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកផ្សេងៗដោយខុសច្បាប់ នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការណែនាំ ដល់អាជ្ញាធរពាក់ព័ន្ធ និងគ្រប់រាជធានី-ខេត្ត ត្រូវចុះពិនិត្យ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា កុំឱ្យមានការនាំចូលជាដាច់ខាត ហើយប្រសិនបើករណីរកឃើញអ្នកលួចនាំចូល ត្រូវនាំយកមកអនុវត្តន៍តាមផ្លូវច្បាប់ ដោយគ្មានការលើកលែង។ ទមន្ទឹមនោះដែរ សម្តេចតេជោ ក៏បានចាត់ទុកទំនិញថៃ ជាទំនិញខុសច្បាប់ ជាទំនិញបំផ្លាញេជាតិ និងជាទំនិញប្រមាថជាតិ។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក និងប្រាប់ដល់អាជីវករក្នុងខេត្តទាំងអស់ ត្រូវមានមនិសិការជាតិ ដើម្បីគិតគូរឱ្យបានហ្មត់ចត់ មុននឹងសម្រេចចិត្តនាំទំនិញផ្សេងៗមកពីក្រៅប្រទេស ដោយផ្តោតលើគុណភាព និងសុខភាពពលរដ្ឋជាធំ។

ឯកឧត្តមអភិបាលខេត្ត ថែមទាំងបានណែនាំ ដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់ពីប្រភពនាំចូល មធ្យោបាយនាំចូល តាមផ្លូវទឹក ឬផ្លូវគោក តាមច្រកណាក៏ដោយ ពិសេសគុណភាពទំនិញ តើមានផលប៉ះពាល់ដល់សុខភាពឬទេ។ ហើយក្នុងករណីរកឃើញថា មានជនណាម្នាក់ ឬអាជីវករណាលួចនាំចូលទំនិញពីប្រទេសថៃពិតប្រាកដ គឺត្រូវកសាងសំណុំរឿងទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់ដោយមិនមានការលើកលែងជាដាច់ខាត។

សូមរំលឹកថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក៏មានការចូលរួមសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, អាជ្ញាធរក្រុងកំពត, សាខាគយ និងរដ្ឋាករខេត្ត, មន្ទីរពាណិជ្ជកម្មខេត្ត, សាខា ក.ប.ប. ខេត្ត រួមនឹងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាច្រើនរូបផងដែរ៕