ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញថ្នាក់ដឹកនាំយុវជនគណបក្សឃុំជ័យធំ ទើបជាប់ឆ្នោត ឱ្យបន្តរៀនសូត្រ បង្កើនប្រាក់ចំណូលគ្រួសារ និងបម្រើសហគមន៍ខេត្ត


(កណ្តាល)៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិស ដល់ថ្នាក់ដឹកនាំយុវជនឃុំជ័យធំ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យបន្តរៀនសូត្រពង្រឹងសមត្ថភាពចំណេះដឹង និងប្រឹងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បន្ទាប់មកត្រូវចូលរួមបម្រើសហគមន៍របស់ខ្លួនថែមទៀត។

ឯកឧត្តមបណ្ឌិត ដែលជាសមជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រចាំស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម នួន សំបូរ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំជ័យធំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ២០៧នាក់។

អញ្ជើញមានមតិប្រសាសន៍សំណេះសំណាលក្រោយពេលប្រកាសលទ្ធផល ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកឡើងថា ដំណើរការបោះឆ្នោតនាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំជ័យធំ ដោយអនុញ្ញាតឱ្យសមាជិកយុវជនមានសិទ្ធិសម្រេចចិត្តផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានសមត្ថភាព និងគុណវុឌ្ឍិពិតប្រាកដ ដើម្បីដឹកនាំយុវជនក្នុងមូលដ្ឋានឱ្យសម្រេចបាននូវការរីកចម្រើន ទាំងផ្នែកស្មារតី សុខភាព និងសេដ្ឋកិច្ចគ្រួសារ។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ណែនាំនូវគន្លឹះសំខាន់ៗ ដល់បេក្ខជនទើបជាប់ឆ្នោត គឺខិតខំបន្តរៀនសូត្រ និងរកលុយឲ្យបានច្រើន ព្រមទាំងចូលរួមបម្រើសហគមន៍ក្នុងមូលដ្ឋាន ( Learn, Earn and Serve) ដូចខាងក្រោម៖

ទី១- ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យក្លាយជាបុគ្គលល្អ អាចដឹកនាំគ្រួសារ និងសហគមន៍ឲ្យកាន់តែរីកចម្រើន

ទី២- ត្រូវមានប្រាក់ចំណូលតាមវិជ្ជាជីវៈ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អ និង

ទី៣- ក្រោយពីមានចំណេះដឹង និងមានប្រាក់ចំណូលច្រើនហើយ ត្រូវចូលរួមបម្រើសហគមន៍ ក៏ដូចជាបម្រើប្រជាជននៅក្នុងមូលដ្ឋានផង។

ឯកឧត្តមបណ្ឌិត កៅ ថាច បានពន្យល់បន្ថែមថា យុវជនត្រូវខិតខំអភិវឌ្ឍសមត្ថភាពចំណេះដឹង និងចូលរួមការពារបរិស្ថាន ដើម្បីកសាងស្មារតីស្នេហាជាតិដ៏រឹងមាំ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ចំណែកការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុវិញ យុវជនត្រូវរៀនសូត្រជាប្រចាំ ក្នុងគោលបំណងបង្កើនប្រាក់ចំណូល ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

ក្នុងពិធីដ៏សំខាន់នេះដែរ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តយុវជនរបស់គណបក្សប្រជាជន ក្នុងឃុំជ័យធំ ដែលយុវជនខ្លះជាអ្នកប្រកបមុខរបរអាជីវកម្មផ្ទាល់ខ្លួន ត្រូវពង្រីកខ្លួនទៅជាសហគ្រិន និងមានចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីឱ្យដឹងច្បាស់ពីប្រាក់ចំណេញ ឬបា្រក់ខាតបង់។

សម្រាប់ការបោះឆ្នោតនេះ មានបេក្ខជនឈរឈ្មោះចំនួន១០រូប ប៉ុន្តែជ្រើសរើសយកតែ៥រូប ហើយភាគច្រើនមានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ ដើម្បីធ្វើជាថ្នាក់ដឹកនាំយុវជនឃុំ តាមរយៈសន្លឹកឆ្នោត២០៧សន្លឹក និងមានសន្លឹកឆ្នោតមិនបានការមួយសន្លឹក។

បេក្ខជនជាប់ឆ្នោតទាំងប្រាំរូប មានស្ត្រី៣រូប បុរស២រូប។ បេក្ខជនទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេ គឺឈ្មោះ រឿន ស្រីលាភ ភេទស្រី អាយុ២៦ឆ្នាំ ទទួលបាន១៥៦សំឡេង, ឈ្មោះ សែ សៀកហេង ភេទប្រុស អាយុ៣១ឆ្នាំ ទទួលបាន១៤៨សំឡេង, ឈ្មោះ អាន លាងហ័ង ភេទស្រី អាយុ២៦ឆ្នាំ ទទួលបាន១៤២សំឡេង, ឈ្មោះ ថុន វ៉ាន់ធី អាយុ២៧ឆ្នាំ ទទួលបាន១០២ សំឡេង និងបេក្ខជនឈ្មោះ មឿន ភាក់ក្តី ភេទប្រុស អាយុ២៦ឆ្នាំ ទទួលបាន៨៣សំឡេង។

បន្ថែមពីលើខ្លឹមសារខាងលើនេះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា បើមិនទាន់មានចំណូលសម្រាប់ទ្រទ្រង់គ្រួសារគ្រប់គ្រាន់ទេ ហើយរវល់តែបម្រើសហគមន៍នោះនឹងដាច់ពោះស្លាប់តែម្តង។ ការខិតខំសិក្សារៀនសូត្រ គឺសំខាន់ណាស់ ព្រោះគ្មានអ្វីបានមកដោយស្រួលទេ ដូច្នេះ បើចង់បានចំណេះដឹងត្រូវប្រឹងរៀន គឺរៀនពេញមួយជីវិត ជាពិសេស ត្រូវរៀនអំពីបច្ចេកវិទ្យាថ្មីៗថែមទៀត៕