អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី នៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។

លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (C1-1.5M) វិទ្យាស្ថានបាន និងកំពុងផ្តល់ការបណ្តុះបណ្តាលលើជំនាញការថែទាំ និងជួសជុលរថយន្ត ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងបណ្តាញបំពង់ទឹក សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការថែទាំ និងជួសជុលទោចក្រយានយន្ត ការងារកំបោរ ការងារការ៉ូ ការងារបេតុង ការផ្សារលោហៈដោយធ្នូរអគ្គិសនី (ធូប) សេវាកម្មកុំព្យូទ័រ រចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មកាត់សក់បុរស សេវាកម្មសម្អាងកាយ ការកែច្នៃបន្លែ និងផ្លែឈើ ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គិតចាប់តាំងពីឆ្នាំ២០២៤ រហូតដល់ខែឧសភា ឆ្នាំ២០២៦ មានសិស្សសរុបចំនួន ២.៧៥៣នាក់ ស្រី១.៣៦២នាក់ ក្រុមគោលដៅចំនួន ១.៩៩៦នាក់ ស្រីចំនួន ១.១៣២នាក់ បានប្រឡងបញ្ចប់ការសិក្សាចំនួន ២.០២៩នាក់ ស្រីចំនួន ១.០០៦នាក់ ទទួលបានការងារចំនួន ១.៣១៥នាក់ ស្រី ៦៩០នាក់។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា TVET DAY ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណជន និងផ្នែកឯកជន ឱ្យបានយល់ដឹង ដើម្បីជួយជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះ ថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងលោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្ត ដែលបានបំពេញភារកិច្ចប្រកប ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបណ្តុះបណ្តាល និងជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ឱ្យបានមកទទួលការបណ្ដុះបណ្តាល នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្ត ដែលបច្ចុប្បន្នេះ មានសិក្ខាកាម សិស្ស និស្សិត កំពុងសិក្សាចំនួន ៣៥៩នាក់ ស្រី ១៤៧នាក់ ក្នុងនោះសិស្ស និស្សិត ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមានចំនួន ១៧៤នាក់ ស្រី ៩២ នាក់ អ្នកមានប័ណ្ណក្រីក្រ ទទួលបានប្រាក់ឧបត្ថម្ភ ២៨០.០០០ រៀល ពីរាជរដ្ឋាភិបាលមានចំនួន ១៧៤នាក់។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិច ប្រចំាជីវិត»៕