ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងលោក Min Byong Jang ទីប្រឹក្សាឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា សម្របសម្រួលដោយ ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា បានអញ្ជើញប្រគល់-ទទួលជំនួយមនុស្សធម៌លើកទី២១ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ និងបណ្ដាមិត្តដៃគូ ដែលផ្តល់មកព្រឹទ្ធសភាកម្ពុជា តាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយព្រឹទ្ធសភានៃកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ស្ថិតនៅវិមានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។
សូមជម្រាបថា ជំនួយមនុស្សធម៌លើកទី២១ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ រួមមាន៖ ឱសថ គ្រឿងបរិក្ខាពេទ្យសម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ប្រមាណជា១,៤៦៨,៥២៨.៥០ ដុល្លារអាមេរិក។ ជំនួយនេះត្រូវបានផ្តល់ឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងបង្កើតបរិយាកាសរស់នៅដែលមានស្ថិរភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសជួយដល់ជនភៀសសឹក គ្រួសារក្រីក្រ និងសហគមន៍ងាយរងគ្រោះទូទាំងប្រទេស។
មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានអនុវត្តគម្រោងជំនួយមនុស្សធម៌នេះ ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលកូរ៉េ ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនជាច្រើន ដែលរួមមាន៖ ក្រសួងពាណិជ្ជកម្មកម្ពុជា, លោក ឧកញ៉ា សុខ សីលា, DK C&C, Spine Center, PGCT Center, World-OKTA Phnom Penh និង R&S STEEL (CAMBODIA), ក្រុមហ៊ុន E-School Cambodia និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា។
សូមរំលឹកថា គណៈកម្មការទី១០ នៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ(GLS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់ជំនួយមនុស្សធម៌លើកដំបូង ក្នុងឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់សរុប ១០លានដុល្លារអាមេរិក។ បន្ទាប់ពីគម្រោងនេះទទួលបានការវាយតម្លៃជាវិជ្ជមាន ចំពោះប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ, ឯកឧត្តម ម៉ម ប៊ុននាង និងបលោក Kim Jungnam បានចុះហត្ថលេខាលើ MOU លើកទី២ ក្នុងឆ្នាំ២០២៥ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ក្រោមកិច្ចព្រមព្រៀងថ្មីនេះ កម្មវិធីសហប្រតិបត្តិការនឹងបន្តរយៈពេល៥ឆ្នាំបន្ថែម ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ដោយទំហំជំនួយសរុបត្រូវបានពង្រីកយ៉ាងខ្លាំងដល់ ៥០ លានដុល្លារអាមេរិក។ លើសពីនេះ GLS និងព្រឹទ្ធសភាកម្ពុជា កំពុងពិភាក្សាអំពីការពង្រីកគម្រោងមនុស្សធម៌បន្ថែមនៅខែមិថុនា ឆ្នាំ២០២៦ រួមមានគម្រោងគាំទ្រនៅ ខេត្តកែប, ខេត្តបាត់ដំបង និង ខេត្តព្រៃវែង ។ ភាគីទាំងពីរក៏មានផែនការចុះហត្ថលេខាលើ MOU លើកទី៣ ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌សរុបឲ្យដល់ប្រមាណ ៦៥លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០២៩ ផងដែរ។
សូមគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព,មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ បានផ្តល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ដែលរួមមានៈឱសថ គ្រឿងបរិក្ខាពេទ្យសម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ចំនួន ២១លើករួចមកហើយ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣២,០៩៩,៩២៣.០៦ដុល្លារអាមេរិក ។ ជំនួយមនុស្សធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់ គ្រង និងបែងចែកទៅតាមបណ្តារាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកបដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់ប្រសើរឡើងស្របតាមបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល(Global Life Sharing)។
កិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១០ នៃព្រឹទ្ធសភាកម្ពុជា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានទទួលស្គាល់ថា ជាគំរូដ៏លេចធ្លោនៃមិត្តភាព សាមគ្គីភាព និងភាពជាដៃគូមនុស្សធម៌រវាងសង្គមស៊ីវិលកូរ៉េ និងសភាកម្ពុជា។ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រីក កិច្ចសហប្រតិបត្តិការ និងសកម្មភាពគាំទ្រមនុស្សធម៌បន្ថែមទៀត ក្នុងវិស័យសុខាភិបាល សុខុមាលភាព និងការអភិវឌ្ឍសង្គមនាពេលអនាគត៕













