សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអប់រំ និងក្រសួងការងាររៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជាគន្លងវិទ្យាសាស្ត្រ, គន្លងវិទ្យាសាស្ត្រសង្គម, និង«គន្លងវិជ្ជាជីវៈ»


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហេង សួង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជា គន្លងវិទ្យាសាស្ត្រ, គន្លងវិទ្យាសាស្ត្រសង្គម, និង «គន្លងវិជ្ជាជីវៈ»។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចមហាបវរធិបតី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងខិតខំអភិវឌ្ឍន៍ប្រព័ន្ធអប់រំបណ្តុះបណ្តាញបច្ចេកទេស និងវិជ្ជាជីវៈមួយនៅកម្ពុជា ដែលនឹងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ ដោយបំពាក់ជំនាញពិតប្រាកដ កសាងសីលធម៍ និងវិន័យទាំងក្នុងជីវភាពប្រចាំថ្ងៃ និងនៅកន្លែងការងារដល់ប្រជាពលរដ្ឋ តាមរយៈការរៀបកម្មវិធីអប់រំបណ្តុះបណ្តាល ដែលមានលក្ខខណៈបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅសម្រេចឱ្យបាននូវពលរដ្ឋមានជំនាញមួយយ៉ាងតិចក្នុងមួយជីវិត ឫមិនទុកឱ្យពលរដ្ឋណាម្នាក់គ្មានជំនាញនោះឡើយ។

ក្នុងន័យនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «ក្រសួងការងារ និងក្រសួងអប់រំ បានសហការគ្នារៀបចំនូវគន្លងអប់រំថ្មីមួយដែលហៅថា «គន្លងវិជ្ជាជីវៈ» កន្លងទៅក្រសួងអប់រំ មានគន្លង២ គឺគន្លងវិទ្យាសាស្ត្រ, គន្លងវិទ្យាសាស្ត្រសង្គម ឥលូវសុំមួយទៀត ដែលក្នុងដើមអាណត្តិនេះ ខ្ញុំបានណែនាំឯកឧត្តម ហេង សួរ និងឯកឧត្តម ហង់ជួន ណារ៉ុន ធ្វើការជាមួយគ្នា ហើយមកដល់ពេលនេះយើងក៏បានដាក់សាកល្បងនូវ ៤៩វិទ្យាល័យ ធ្វើយ៉ាងណាចង់ឱ្យមានគន្លងនូវក្នុងការជ្រើសរើសក្នុងការបណ្តុះបណ្តាល»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គន្លងវិជ្ជាជីវៈនេះ មានគោលបំណងជួយតម្រង់ទិសសិស្ស ក្នុងការជ្រើសរើសអាជីពការងារដូចជា អ្នកបច្ចេកទេសផ្នែកឧស្សាហកម្ម កសិឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម អ្នកគ្រប់គ្រងការដ្ឋាន ជំនួយការវិស្វករ អ្នកបច្ចេកទេសកម្រិតមធ្យម ជំនួយការបន្ថែម ជំនាញឌីជីថល បញ្ញាសិប្បនិម្មិត (AI) ដោយអនុញ្ញាតឱ្យសិស្សដែលប្រឡងធ្លាក់សញ្ញាបត្របឋមភូមិ ប៉ុន្តែបានចូលរៀន ឫប្រឡងជាប់កម្មវិធីស្ពានចម្លង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមអនុវត្តសាកល្បងនូវ «គន្លងអប់រំថ្មីនៅកម្ពុជា» ចាប់ពីឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យចំនួន៤៩ ដោយផ្តល់ជម្រើសបន្ថែមដល់សិស្សវិទ្យាល័យ ដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម, និងមានបំណងចូលទៅកាន់ទីផ្សារការងារលឿន អាចជ្រើសរើសយក «គន្លងវិជ្ជាជីវៈ» នៅវិទ្យាល័យសាមី ទៅតាមឧបនិស្ស័យ និងបំណិនរបស់ខ្លួន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ឆ្នាំ២០២៧, ក្រសួងទាំងពីរ ក៏កំពុងពិនិត្យវាយតម្លៃសាលាចំនួន ៥បន្ថែមទៀត ដែលមានទីតាំងក្បែរតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តចំនួន៤ រួមមាន៖ វិទ្យាល័យទពប្រណម្យ និងវិទ្យាល័យហ៊ុនសែនអង្គស្នួល (ខេត្តកណ្តាល), វិទ្យាល័យស្វាយរៀង (ខេត្តស្វាយរៀង), វិទ្យាល័យហ៊ុនសែនក្រគរ (ខេត្តពោធិ៍សាត់) និងវិទ្យាល័យសម្តេចឪសម្តេចម៉ែបសេដ្ឋ (ខេត្តកំពង់ស្ពឺ)។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគាំទ្រគំនិតផ្ដួចផ្ដើមថ្នាក់បណ្ដុះបណ្ដាលជំនាញចល័តរបស់លោករដ្ឋមន្ដ្រី ហេង សួរ ដោយសម្តេចបញ្ជាក់ថា ថា្នក់បណ្តុះបណ្តាលជំនាញចល័តនេះ មានគោលបំណងនាំការបណ្ដុះបណ្តាលជំនាញដល់មូលដ្ឋានសាមីរបស់ប្រជាពលរដ្ឋ ស្របតាមទិសស្លោក «នាំការបណ្តុះបណ្តាលឱ្យរត់រកបងប្អូនដល់ថ្នាក់មូលដ្ឋាន» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕