អភិបាលខេត្តព្រៃវែង រៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»


ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមប្រារព្ធពិធិអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលរៀបចំដោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោក ម៉ឹង វណ្ណា នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង បានអោយដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការ អប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញកាអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស ជាពិសេសសម្រាប់ក្រុម គោលដៅជាយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសប្រមាណ ១,៥លាននាក់ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយមិនបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន។

នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង បន្តថា នៅក្នុងឆ្នាំ២០២៥-២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង បណ្តុះបណ្តាលបាន១៧៨វគ្គ មានសិស្ស និស្សិតដែលបញ្ចប់កាសិក្សាចំនួន ៣ ៣៨២នាក់ (ស្រី២ ០៨០នាក់) ក្នុងនោះរួមមាន៖ បញ្ចប់ការសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៨នាក់ (ស្រី២២នាក់)។

*បញ្ចប់ការសិក្សាសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ចំនួន ៧៥នាក់ ស្រី ៣៩នាក់
*បញ្ចប់សិក្សាសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ ចំនួន១១៨នាក់ ស្រី ៣៣នាក់
*បញ្ចប់សិក្សាសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ វគ្គ១.៥លាននាក់ ចំនួន ៣ ១៣១នាក់​ (ស្រី១៩៨៦នាក់)។

ឯកឧត្តម សួន សុម៉ាលីន បានលើកឡើងថា ការប្រារព្ធទិវានេះឡើង គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់សិស្សានុសិស្ស យុវជន មាតាបិតា និងវិស័យឯកជន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ការងារដែលកំពុងមានការប្រែប្រួលយ៉ាងរហ័ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស ជាពិសេសការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ជាមួយនេះខេត្តព្រៃវែង ក្រោមការជួយឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិ ជាពិសេសក្រោមការចង្អុល ណែនាំផ្ទាល់ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រដ្ឋបាលខេត្តបានខិតខំប្រមូលផ្តុំ គំនិតស្មារតីដឹកនាំអភិវឌ្ឍន៍ខេត្តឱ្យមានរីកចម្រើនជាបន្តបន្ទាប់ និងបានជំរុញដល់ប្រជាពលរដ្ឋទទួលបានការអប់រំការបណ្តុះបណ្តាលមានការងារមានចំណូល និងមានជីវភាពសមរម្យ ដែលគិតមកដល់ពេលនេះខេត្តព្រៃវែង បានអនុវត្តតាមផែនការ ៨៩ ០០០នាក់ ក្នុងរយៈពេល៥ឆ្នាំ បច្ចុប្បន្នស្ថិតិរួមដែលបានចុះឈ្មោះចូលរៀន គិតចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ពេលនេះ សរុបរួមក្នុងប្រព័ន្ធចំនួន ៨ ០៨៩នាក់ (ស្រី ៥០៨៩នាក់)៕