ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការជានិវត្តជននៃក្រសួងព័ត៌មាន ទ្រង់ទ្រាយធំជាលើកទី១ ក្នុងបរិយាកាសពោរពេញដោយមនោសញ្ចេតនា ការគោរព និងការដឹងគុណចំពោះការលះបង់កម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាន់មុន ដែលបានរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងបម្រើជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។
ពិធីសំណេះសំណាល និងចែកអំណោយដល់និវត្តជននៃក្រសួងព័ត៌មាន បានធ្វើឡើងនៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ព្រមទាំងនិវត្តជននៃក្រសួងព័ត៌មានចំនួន ២៥០រូប ។
ការរៀបចំពិធីនេះឡើងក្នុងគោលបំណងផ្សាភ្ជាប់ទំនាក់ទំនងជាមួយនិវត្តជនដែលធ្លាប់បម្រើការងារជាមន្ត្រីរាជការនៅក្រសួងព័ត៌មាន, ផ្សព្វផ្សាយអំពីសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាង សមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ជាមួយការជំរុញ និងលើកទឹកចិត្តឱ្យចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន ដើម្បីទទួលបានការយកចិត្តទុកដាក់បន្ថែមពីសំណាក់ក្រសួងសាមី និងសមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្នាដៃ ការខិតខំប្រឹងប្រែង និងបទពិសោធន៍ដ៏មានតម្លៃរបស់មន្ត្រីរាជការនិវត្តជន ដែលបានចូលរួមកសាង និងអភិវឌ្ឍក្រសួងព័ត៌មានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតទទួលបានសមិទ្ធផលជាច្រើនដូចសព្វថ្ងៃ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មន្ត្រីរាជការនិវត្តជន គឺជាធនធានមនុស្សដ៏មានតម្លៃ និងជាសាក្សីរស់នៃប្រវត្តិសាស្ត្រការអភិវឌ្ឍរបស់ក្រសួងព័ត៌មាន។ បទពិសោធន៍ ចំណេះដឹង និងគុណតម្លៃនៃការបម្រើការងាររបស់អតីតមន្ត្រីរាជការ គឺជាមូលដ្ឋានសម្រាប់មន្ត្រីជំនាន់ក្រោយរៀនសូត្រ និងបន្តអភិវឌ្ឍការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ការសំណេះសំណាលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មានចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីរាជការនិវត្តជន ព្រមទាំងការរក្សានូវចំណងសាមគ្គីភាព និងទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ មន្ត្រីបច្ចុប្បន្ន និងមន្ត្រីជំនាន់មុន។
បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា និវត្តជនមិនមែនជាអតីតកាល ដែលត្រូវបានបំភ្លេចឡើយ។ និវត្តជន ជាគ្រឹះនៃបច្ចុប្បន្ន និងជាមេរៀនសម្រាប់អនាគត បទពិសោធន៍ ចំណេះដឹង សីលធម៌ ការងារ និងស្មារតីបម្រើជាតិរបស់និវត្តជន គឺជាទុនបញ្ញា និងជាទុនស្មារតីដ៏មានតម្លៃសម្រាប់មន្ត្រីក្រសួងព័ត៌មាន ជំនាន់ក្រោយ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ការចូលនិវត្តន៍ គឺជាការបញ្ចប់ភារកិច្ចផ្លូវការក្នុងក្របខ័ណ្ឌរដ្ឋបាល ប៉ុន្តែ មិនមែនជាការបញ្ចប់តម្លៃ បទពិសោធន៍ និងការចូលរួមចំណែកចំពោះសង្គមជាតិឡើយ។ និវត្តជននៃក្រសួងព័ត៌មាន នៅតែជាធនធានដ៏មានតម្លៃ ជាអ្នកណែនាំជាអ្នកផ្តល់បទពិសោធន៍ និងជាម្លប់គំនិតសម្រាប់មន្ត្រីជំនាន់ក្រោយ។
មន្ត្រីរាជការនិវត្តជនដែលបានចូលរួម ក៏បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ព្រមទាំងថ្នាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលតែងតែគិតគូរ និងផ្តល់តម្លៃដល់អ្នកជំនាន់មុន ទោះបីបានចូលនិវត្តន៍ពីការងារហើយក៏ដោយ។កម្មវិធីនាឱកាសនេះ មិនត្រឹមតែជាការជួបសំណេះសំណាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីវប្បធម៌ដឹងគុណ ការគោរពចំពោះអ្នកមានគុណបំណាច់ និងការបន្តពង្រឹងស្មារតីសាមគ្គីភាពក្នុងគ្រួសារក្រសួងព័ត៌មាន ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរតទៅមុខ។
អំណោយដែលត្រូវចែកជូនដល់និវត្តជនក្រសួងព័ត៌មានចំនួន២៥០រូប ក្នុងម្នាក់ទទួលបានអង្ករ ១០គីឡូ និងថវិកា ១០មុឺនរៀល ជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ។ ជាមួយនេះក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) Food and Beverages បានចូលរួមផ្តល់ជូនបន្ថែមក្នុងម្នាក់ៗ ទឹកសណ្តែក Yeo’s ១២៥ml O ១កេស , ទឹកសណ្តែក Yeo’s ១២៥ml B ១កេស, កាហ្វេ Yeo’s Original ៥០០g ១កញ្ចប់ធំ , ម្សៅស៊ុបមាន់ Yeo’s ១កញ្ចប់, ប្រេងខ្យង Yeo’s ១ដប និងត្រីខកំប៉ុង Yeo’s ៤កំប៉ុង។
គូរបញ្ជាក់ដែរថា ការជួបសំណេះសំណាលជាមួយនិវត្តជននេះ គឺស្របតាមការអនុម័តលក្ខន្តិកៈថ្មី និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដើម្បីបន្តជួយឧបត្ថម្ភដល់អតីតយុទ្ធជន និងនិវត្តជន ដែលប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ដោយបានបង្កើតសំណាញ់សុវត្ថិភាពសង្គមប្រកបដោយចីរភាព សំដៅលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនអតីតយុទ្ធជន អតីតមន្ត្រី រាជ ការស៊ីវិល និងគ្រួសារឱ្យប្រកបដោយសុខដុមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍៕


































