ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ពន្ធនាគារខេត្តកែប នៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារពន្ធនាគារខេត្តកែប ដែលស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ អមដំណើរដោយ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានពិនិត្យដោយផ្ទាល់ទៅលើស្ថានភាពជាក់ស្តែងនៃការសាងសង់ និងស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ពីមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាថាការសាងសង់ប្រព្រឹត្តទៅតាមផែនការ ប្រកបដោយគុណភាព បច្ចេកទេស និងសុវត្ថិភាពខ្ពស់។

បច្ចុប្បន្ននេះ ពន្ធនាគារខេត្តកែបកំពុងដំណើរការសាងសង់ក្នុងដំណាក់កាលទី១ ដោយផ្តោតលើការសាងសង់អគារសំខាន់ៗចំនួន ២ខ្នង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញទីតាំង។ ក្នុងនោះ អគារឃុំ មានទំហំ ១២ម៉ែត្រ x ៣៥.៣ម៉ែត្រ កម្ពស់ ២ជាន់ ប្រក់ក្បឿង មានចំនួន ១២ បន្ទប់ សម្រេចការសាងសង់បានប្រមាណ ៩៨ភាគរយ ខណៈអគាររដ្ឋបាល មានទំហំ ៩ម៉ែត្រ x ២៤.៥៣ម៉ែត្រ កម្ពស់ ១ជាន់ ប្រក់ក្បឿង មានចំនួន ៥បន្ទប់ សម្រេចការសាងសង់បានប្រមាណ ៩៨ភាគរយ ផងដែរ។ ទន្ទឹមនឹងនេះ ការងារឈូសឆាយ និងពង្រាបទីតាំងដីពន្ធនាគារ សម្រេចបានប្រមាណ ៧០ភាគរយ។

នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំដល់អង្គភាពជំនាញ និងភាគីពាក់ព័ន្ធ ឱ្យបន្តពន្លឿនការងារសាងសង់ដែលនៅសេសសល់ឱ្យបានទាន់ពេលវេលា ដោយយកចិត្តទុកដាក់លើគុណភាពសំណង់ សុវត្ថិភាពការងារ និងស្តង់ដារបច្ចេកទេស ដើម្បីឱ្យពន្ធនាគារខេត្តកែប​ អាចដាក់ឱ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការគ្រប់គ្រងវិស័យពន្ធនាគារ។

ការសាងសង់ពន្ធនាគារខេត្តកែបនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធវិស័យពន្ធនាគារ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងជនជាប់ឃុំ ការអនុវត្តច្បាប់ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តកម្មវិធីកំណែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមស្តង់ដារទំនើប៕