សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់ឯកឧត្តម វាឌីមៀ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានឱ្យដឹងទៀតថា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងតំណាងធុរជនកម្ពុជាផងដែរ។
ក្នុងការប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី កិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។ ថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បី ចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងក្រៅតំបន់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងនឹងមានជំនួបទ្វេភាគីមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួម និងមានអត្ថប្រយោជន៍ទៅវិញទៅមក៕



