រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-មីយ៉ាន់ម៉ា ជួបពិភាក្សាជំរុញទេសចរណ៍សាសនា តាមរយៈបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់ប្រទេសទាំងពីរ


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយលោក Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌មីយ៉ាន់ម៉ា ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព នៅទីក្រុងយ៉ាងហ្គូន។

ក្នុងជំនួបនេះ លោក Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌មីយ៉ាន់ម៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោករដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា និងកិច្ចសហប្រតិបត្តិការទេសចរណ៍ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានអនុវត្តកន្លងមកទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអនុតំបន់។

តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ដែលបានអនុវត្តកន្លងមក តាមរយៈកិច្ចព្រមព្រៀង និងផែនការសកម្មភាពរួមនានា ព្រមទាំងការសហការក្នុងក្របខណ្ឌតំបន់ និងអនុតំបន់ ដូចជា អាស៊ាន GMS និង CLMV។

ភាគីទាំងពីរ បានឯកភាពអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-មីយ៉ាន់ម៉ាឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍។ ជាពិសេស ឯកភាពជំរុញការផ្សព្វផ្សាយទេសចរណ៍រួម ការរៀបចំកញ្ចប់ទស្សនកិច្ច និងការធ្វើទីផ្សាររួមក្រោមមូលបទ «ប្រទេសពីរ គោលដៅមួយ» ដើម្បីបង្កើនលំហូរទេសចររវាងប្រទេសទាំងពីរ និងទាក់ទាញទេសចរពីប្រទេសទីបីមកទស្សនាប្រទេសទាំងពីរ ព្រមទាំ
ងការគាំទ្រលើការរៀបចំកម្មវិធី Joint Cambodia-Myanmar Tourism Conference និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមប្រកបដោយភាពទាក់ទាញ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពី ការជំរុញទេសចរណ៍សាសនា តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់កម្ពុជា និងមីយ៉ាន់ម៉ា ព្រមទាំងគាំទ្រការរៀបចំកញ្ចប់ទស្សនកិច្ច និងសកម្មភាពផ្សព្វផ្សាយរួម ដើម្បីលើកកម្ពស់ទេសចរណ៍បែបធម្មយាត្រានិងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា គឺជាប្រទេសដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍វប្បធម៌ និងទេសចរណ៍សាសនា ដោយមានគោលដៅទេសចរណ៍ល្បីល្បាញជាច្រើន ដូចជា តំបន់បេតិកភណ្ឌបាហ្គាន វត្ត Shwedagon និងវត្ត Sule ដែលជាគោលដៅទាក់ទាញទេសចរអន្តរជាតិ និងមានសក្តានុពលក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍រួមជាមួយកម្ពុជា៕