រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញជាអធិបតីភាព​ដឹកនាំកិច្ចប្រជុំ​ពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីអាងស្ដុក​ទឹកនៅទូទាំងប្រទេស


នាព្រឹកថ្ងៃពុធ ទី១៧ ខែ​មិថុនា ឆ្នាំ​២០២៦​នេះ​ ឯកឧត្តម ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​ ដើម្បីពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីអាងស្ដុកទឹកនៅទូទាំងប្រទេស​ នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និង​ឧតុនិយម។​

សូមជម្រាបថា​​ គិតត្រឹមត្រីមាសទី២ ឆ្នាំ​២០២៦​ អាងទឹកសរុបនៅទូទាំងប្រទេសមានចំនួន​១៦៥៩​ ក្នុងនោះ ១. បានចុះបញ្ជីរួចរាល់ចំនួន២៣០ ស្មើនឹងចំនួន ២៨១​បណ្ណ, ២.បានដាក់សំណើសុំការវាស់វែងចំនួន៤៣៣, ៣. កំពុងដំណើរការវាស់វែងចំនួន២៤៨, ៤. រង់ចាំទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៤៨២ និងទី៥ មិនទាន់ដាក់សំណើសុំការវាស់វែងចំនួន​២៦៦។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់​ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានជោគជ័យ​ក្នុងការចុះបញ្ជីដី​អាងស្ដុកទឹក​រយៈពេលប្រមាណ​ ២ឆ្នាំកន្លងមកនេះ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ​។ លោករដ្ឋមន្ត្រី​ ក៏​បានស្នើឱ្យក្រុមការងារជំរុញ និង​​ពន្លឿន​​ការងារ​ចុះបញ្ជីដីអាងទឹក​ជាទ្រព្យសម្បត្តិសាធារណៈ​ឱ្យបានឆាប់រហ័ស ហើយ​រៀបចំស្នើសុំ​ការបោះបង្គោលកំណត់​ព្រំ​ ដើម្បី​ដោះស្រាយការភ័ន្តច្រឡំ និង​កាត់បន្ថយការទន្ទ្រាន​កាន់កាប់ខុសច្បាប់ ព្រមទាំង​ ដើម្បី​​​បញ្ជាក់ឱ្យបានច្បាស់​​រវាងដីកម្មសិទ្ធិឯកជន និង​ដីរដ្ឋឬដីអភិរក្សរបស់ក្រសួងជាដើម។​

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១២​ ខែ​ឧសភា ឆ្នាំ​២០២៥​ បានចេញសេចក្ដីសម្រេចលេខ ០១៧​ សសរ.ធទឧ បង្កើតក្រុមការងារដឹកនាំ និង​ជំរុញការងារចុះបញ្ជី​ដីអាងស្ដុកទឹក​និង​ទំនប់អាងទឹកនៃប្រព័ន្ធធារាសាស្ត្រ​ ដែលមានក្រុមការងារប្រតិបត្តិតាមបណ្តារាជធានី-ខេត្ត ចំនួន ៤ក្រុម និង​មាន​នាយកដ្ឋានគ្រប់គ្រងនិង​អភិរក្សធនធានទឹកជាលេខាធិការដ្ឋាន ដើម្បីជំរុញការចុះបញ្ជីអាងទឹកឱ្យបានត្រឹមត្រូវ ពេញលេញ និងឆាប់រហ័ស ដើម្បីជួយសម្រួល និងគាំទ្រដល់ដំណើរការនៃការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ព្រមទាំងបង្កើតមូលដ្ឋានទិន្នន័យផ្លូវការជាតិសម្រាប់ការគ្រប់គ្រង និងការពារអាងទឹកឱ្យមានចីរភាព និងទប់ស្កាត់ការរំលោភបំពានលើដីអាងទឹក៕