នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីអាងស្ដុកទឹកនៅទូទាំងប្រទេស នៅសាលប្រជុំនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ អាងទឹកសរុបនៅទូទាំងប្រទេសមានចំនួន១៦៥៩ ក្នុងនោះ ១. បានចុះបញ្ជីរួចរាល់ចំនួន២៣០ ស្មើនឹងចំនួន ២៨១បណ្ណ, ២.បានដាក់សំណើសុំការវាស់វែងចំនួន៤៣៣, ៣. កំពុងដំណើរការវាស់វែងចំនួន២៤៨, ៤. រង់ចាំទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៤៨២ និងទី៥ មិនទាន់ដាក់សំណើសុំការវាស់វែងចំនួន២៦៦។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានជោគជ័យក្នុងការចុះបញ្ជីដីអាងស្ដុកទឹករយៈពេលប្រមាណ ២ឆ្នាំកន្លងមកនេះ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមការងារជំរុញ និងពន្លឿនការងារចុះបញ្ជីដីអាងទឹកជាទ្រព្យសម្បត្តិសាធារណៈឱ្យបានឆាប់រហ័ស ហើយរៀបចំស្នើសុំការបោះបង្គោលកំណត់ព្រំ ដើម្បីដោះស្រាយការភ័ន្តច្រឡំ និងកាត់បន្ថយការទន្ទ្រានកាន់កាប់ខុសច្បាប់ ព្រមទាំង ដើម្បីបញ្ជាក់ឱ្យបានច្បាស់រវាងដីកម្មសិទ្ធិឯកជន និងដីរដ្ឋឬដីអភិរក្សរបស់ក្រសួងជាដើម។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្ដីសម្រេចលេខ ០១៧ សសរ.ធទឧ បង្កើតក្រុមការងារដឹកនាំ និងជំរុញការងារចុះបញ្ជីដីអាងស្ដុកទឹកនិងទំនប់អាងទឹកនៃប្រព័ន្ធធារាសាស្ត្រ ដែលមានក្រុមការងារប្រតិបត្តិតាមបណ្តារាជធានី-ខេត្ត ចំនួន ៤ក្រុម និងមាននាយកដ្ឋានគ្រប់គ្រងនិងអភិរក្សធនធានទឹកជាលេខាធិការដ្ឋាន ដើម្បីជំរុញការចុះបញ្ជីអាងទឹកឱ្យបានត្រឹមត្រូវ ពេញលេញ និងឆាប់រហ័ស ដើម្បីជួយសម្រួល និងគាំទ្រដល់ដំណើរការនៃការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ព្រមទាំងបង្កើតមូលដ្ឋានទិន្នន័យផ្លូវការជាតិសម្រាប់ការគ្រប់គ្រង និងការពារអាងទឹកឱ្យមានចីរភាព និងទប់ស្កាត់ការរំលោភបំពានលើដីអាងទឹក៕

































