អភិបាលខេត្តតាកែវ​ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក ជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពកលើសត្វគោ ក្របី​ របស់ពលរដ្ឋនៅស្រុកបូរីជលសារ


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីបសុពេទ្យនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងអាជ្ញាធមូលដ្ឋាន បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើសត្វគោ-ក្របី របស់ប្រជាកសិករនៅក្នុងភូមិពងទឹក ឃុំគោកពោធិ៍ ស្រុកបូរីជលសារ។

លោក ស៊ូ ភារម្យ អភិបាលស្រុកបូរីជលសារ បានឱ្យដឹងថា សម្រាប់យុទ្ធនាការថ្ងៃដំបូងនេះសត្វគោ និងក្របីរបស់ប្រជាពលរដ្ឋក្នុងភូមិពងទឹក ឃុំគោកពោធិ៍ ចំនួន៤៥០ក្បាល​​ ត្រូវបានផ្ដល់ការចាក់វ៉ាក់សាំងការពារជំងឺសាទឹក និងជំងឺពកស្បែក ដោយឥតគិតថ្លៃពីមន្រ្តីបសុព្យបាលនៃមន្ទីរកសិកកម្មខេត្តតាកែវ។

បើតាមឯកឧត្តម វ៉ី សំណាង បានអំពាវប្រជាពលរដ្ឋដែលមានចញ្ចឹមគោ ក្របី សូមនាំគោ ក្របី របស់ខ្លួនមកចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺអុតក្ដាម ដែលមន្រ្តីជំនាញបសុពេទ្យបានរៀបចំចាក់ជូនដោយឥតគិតថ្លៃ ដើម្បីការពារជំងឺទាំងអស់នេះកុំឱ្យកើតមានឡើកលើគោ ក្របី។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានណែនាំដល់ប្រជាពលរដ្ឋសូមមានប្រុងប្រយ័ត្នចំពោះជំងឺដង្កាត់ផ្សេងៗ ដែលកើតលើសត្វចញ្ចឹមរបស់ខ្លួនជាពិសេសជំងឺផ្ដាសសាយបក្សីដែលឆ្លងពីប្រទេសជិតខាង។ ដូច្នោះសូមប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវប៉ះពាល់មាន់ ដែលមានជំងឺ ហើយមាន់ ដែលងាប់ដោយសារជំងឺត្រូវយកទៅកប់ចោល កុំបរិភោគ ហើយជាពិសេសត្រូវរាយការណ៍មកមន្រ្តីជំនាញ ពេទ្យសត្វបើឃើញមានសត្វចញ្ចឹមរបស់ខ្លួនមានជំងឺ។

ចំណែកលោក ថៃ លី ប្រធានការរិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានលើកឡើងថា មន្រ្តីជំនាញពេទ្យសត្វគ្រោងចាក់ថ្នាំបង្កាជំងឺសារទឹក និងជំងឺអុតក្ដាម លើសត្វគោក្របីរបស់ប្រជាកសិករឱ្យបាន ៩០ភាគរយ នៃសត្វគោ ក្របីរបស់ប្រជាកសិករនៅក្នុងខេត្តតាកែវ ដែលមានចំនួនជិត ៣០ម៉ឺនក្បាល ហើយយុទ្ធនាការថ្ងៃដំបូងនេះបានចាប់ផ្ដើមពីស្រុកបូរីជលសារ និងដោយដឹកនាំផ្ទាល់ពីលោកអភិបាលខេត្តផ្ទាល់តែម្តង៕