ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាល្ងាចទី១៦ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Kyungshin Co., Ltd. ជាក្រុមហ៊ុនឈានមុខមួយរបស់កូរ៉េ នៅក្នុងឧស្សាហកម្មផលិតគ្រឿងបង្គុំអេឡិចត្រូនិកយានយន្ត និងខ្សែភ្លើងរថយន្ត ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីសំណាក់ លោក Geum Woo Youn នាយកក្រុមហ៊ុន ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន។
អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងទស្សនកិច្ចការងារនាឱកាសនេះ មានការចូលរួមពីលោក Park Joo-bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឆ័ន (ICCI) រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, តំណាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM), ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជារួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សូមជម្រាបដែរថា ក្រុមហ៊ុន Kyungshin Corporation ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៤ មានជំនាញឯកទេសលើការផលិតខ្សែភ្លើងរថយន្ត (Wiring Harnesses) ឧបករណ៍ភ្ជាប់ចរន្ត (Connectors) ប្រអប់ហ្វុយស៊ីប/ប្រអប់បំបែកចរន្ត (Junction Blocks) ខ្សែកាប (Cables) និងប្រព័ន្ធអគ្គិសនីសម្រាប់រថយន្តអគ្គិសនី (EV Electrical Systems)។ បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងធ្វើការអភិវឌ្ឍយ៉ាងសកម្មលើបច្ចេកវិទ្យាទំនើបៗសម្រាប់រថយន្តអគ្គិសនី និងដំណោះស្រាយសម្រាប់ការធ្វើដំណើរនាពេលអនាគត (Future Mobility Solutions)។
ដោយឡែកនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Kyungshin បានបង្កើតរោងចក្រផលិតខ្សែភ្លើងរថយន្ត (Wire Harness) តាំងពីឆ្នាំ២០១២មកម៉្លេះ ដែលមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងទំហំទុនវិនិយោគប្រមាណ ២០ លានដុល្លារអាមេរិក ហើយបច្ចុប្បន្នរោងចក្រនេះមានកម្មករ និយោជិត បម្រើការងារចំនួន ១.៤៦៧នាក់៕












