អភិបាលខេត្តកំពង់ចាម បន្តណែនាំមន្ត្រីពាក់ព័ន្ធប្រត្តិបត្តិការបោសសម្អាតបទល្មើស Online Scarms និងពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូលខុសច្បាប់


ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឱ្យបន្តប្រតិបត្តិការបោសសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scarms) និងពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កក នាំចូលដោយខុសច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា ចំពោះរដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូលដោយខុសច្បាប់ និងទំនិញក្លែងក្លាយ ពោលគឺត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ពីសមត្ថកិច្ចពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បទល្មើស និងការពារសុខុមាលភាពសាធារណៈ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់អនុសាសន៍ដល់រដ្ឋបាលក្រុង-ស្រុក ឱ្យចេះបង្កើតបណ្តាញ អ្នកផ្តល់ព័ត៌មាន នៅតាមមូលដ្ឋាន ដើម្បីរាយការណ៍ ងាយស្រួលដល់សមត្ថកិច្ចក្នុងការចុះប្រតិបត្តិការ បោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើស Online Scarms និងត្រូវសហការជាមួយមេភូមិ ម្ចាស់ផ្ទះជួល ឬ ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ជួយរាយការណ៍ជាបន្ទាន់នូវរាល់ទីតាំងសង្ស័យ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា គ្រប់ព័ត៌មានពាក់ព័ន្ធនៃបទល្មើសទាំងអស់ ដែលទទួលបានពីបណ្តាញរាយការណ៍ គឺត្រូវចុះធ្វើការបង្ក្រាបភ្លាមៗ ប៉ុន្តែ ត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់មុនពេលចុះប្រតិបត្តិការ ចៀសវាងការ ប៉ះពាល់រំខានដល់សិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ៕