ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យតាមដានវឌ្ឍនភាពការងារ និងតម្រង់ទិសការងារសំខាន់ៗរបស់នាយកដ្ឋាននានាចំណុះអគ្គនាយកដ្ឋានដោះស្រាយបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួង។
ក្នុងឱកាសនោះ អង្គប្រជុំបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានដោះស្រាយបណ្ដឹង និងនាយកដ្ឋានចំណុះទាំងអស់ ព្រមទាំងបានទទួលនូវធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ដើម្បីជំរុញនិងពង្រឹងប្រសិទ្ធភាពការងារដោះស្រាយបណ្ដឹង។
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានចំណុះទាំងអស់នាពេលកន្លងមក ព្រមទាំងបានណែនាំឱ្យបន្តយកចិត្តទុកដាក់លើការបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំគន្លឹះៗដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋាន និងគណៈប្រតិភូដោះស្រាយបណ្តឹង ពង្រឹងប្រសិទ្ធភាពនៃការងារដោះស្រាយបណ្ដឹង ប្រកបដោយភាពសម្ងាត់ និងឯករាជ្យ ដោយអនុវត្តឱ្យបានពេញលេញតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងការបន្តជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធការងារបណ្ដឹង ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
















