រដ្ឋ និងវិស័យឯកជន កម្ពុជា-អឺរ៉ុប ដឹកនាំកិច្ចសន្ទនាលើកទី៤ ដើម្បីបន្តកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់


(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប រួមជាមួយលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ដោយមានការចូលរួមពីឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អនុប្រធានទី៣ ក.អ.ក, លោក Andreas Berg ភារធារី និងជាអនុប្រធានគណៈប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អឺរ៉ុប នេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាព មកពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងលម្អិតផុសផុល ជាមួយស្មារតីសហការប្រកបដោយឆន្ទៈខ្ពស់ក្នុងការស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានា សំដៅធានាឱ្យបាននូវការបន្តកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងផ្តល់ភាពអនុគ្រោះជាអតិបរមាដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីសហភាពអឺរ៉ុប។

វេទិកានៃកិច្ចសន្ទនានេះគឺធ្វើឡើងដើម្បីបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុង វេទិកានៃកិច្ចសន្ទនាទាំង៣លើកកន្លងមក សំដៅជំរុញឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែមានភាពប្រសើរឡើង ព្រមទាំងកសាងទំនុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអឺរ៉ុប ដែលកំពុងមានប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។

លើសពីដើរតួជាវេទិកាសម្រាប់ស្វែងរកដំណោះស្រាយជូនវិនិយោគិន កិច្ចសន្ទនាបែបត្រង់ទៅត្រង់មក គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការតម្រង់ទិសដៅវិនិយោគរបស់កម្ពុជា ឱ្យស្របទៅនឹងនិន្នាការសកល ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ តាមរយៈកិច្ចសហការជិតស្និទ្ធរវាង ក.អ.ក. និង EuroCham ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម កម្ពុជា-សហភាពអឺរ៉ុប ដែលមានស្រាប់នឹងបន្តរីកលូតលាស់កាន់តែរឹងមាំ ហើយរំពឹងថា នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការទាក់ទាញគម្រោងវិនិយោគគុណភាពថ្មីៗបន្ថែមទៀត នាពេលអនាគត។

តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ តំណាងវិនិយោគិនអ៊ឺរ៉ុបបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ជាមួយគ្នានេះតំណាងវិនិយោគិនអ៊ឺរ៉ុប ក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅកិច្ចប្រជុំទាំង៣លើកកន្លងមក៕