ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីតាមដាន និងត្រួតពិនិត្យវឌ្ឍនភាព ការងាររបស់វិទ្យាស្ថានជាតិអធិការកិច្ច


ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីតាមដាននិងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់វិទ្យាស្ថានជាតិអធិការកិច្ច ព្រមទាំងបានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗដល់ថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធ នៅទីស្ដីការក្រសួង។

អង្គប្រជុំបានស្តាប់នូវរបាយការណ៍វឌ្ឍនភាពនិងទិសដៅការងាររបស់វិទ្យាស្ថានជាតិអធិការកិច្ច ព្រមទាំងទទួលបាននូវមតិយោបល់ និងធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ សំដៅជំរុញនិងពង្រឹងប្រសិទ្ធភាពការងាររបស់វិទ្យាស្ថានជាតិអធិការកិច្ច។

ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃវិទ្យាស្ថានជាតិអធិការកិច្ច ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំគន្លឹះៗក្នុងការបន្តកែលម្អកម្មវិធីសិក្សា ការការរៀបចំផែនការបណ្ដុះបណ្ដាលឱ្យបានពេញលេញ ការលើកកម្ពស់គុណភាពបណ្តុះបណ្តាល ការជ្រើសរើសសាស្ត្រាចារ្យដែលមានបទពិសោធ និងជំនាញ ការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការជំរុញការរៀបចំឯកសារផែនការយុទ្ធសាស្ត្រសម្រាប់វិទ្យាស្ថានជាតិអធិការកិច្ច ដើម្បីបង្កើនសមត្ថភាពក្នុងការកសាង និងពង្រឹងធនធានមនុស្សក្នុងវិស័យអធិការកិច្ចឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួង៕