ឯកឧត្តមបណ្ឌិត ចាយ បូរិន ៖ កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា បានកំពុងបញ្ជ្រាបការយល់ដឹងពីតម្លៃនៃការសិក្សា ចេះធ្វើអំពើល្អ មានសុជីវធម៌ និងការទទួលខុសត្រូវក្នុងសង្គម


នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី កម្មវិធីទស្សនាទានព្រះពុទ្ធសាសនាលើកទី៧២ ក្រោមប្រធានបទ តម្លៃសីលធម៌យុវជនក្នុងសង្គមខ្មែរ ដែលរៀបចំឡើងនៅវិទ្យាល័យជាសុីម ឈូកវ៉ា ដោយមានការចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដើម្បីបណ្តុះស្មារតីឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការគោរពចំពោះមាតាបិតា គ្រូបង្រៀន និងបុព្វការីជន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កសាងអនាគតដ៏ល្អប្រសើរ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានមានប្រសាសន៍ថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៧ ក្រោមគំនិត ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណងផ្សព្វផ្សាយអប់រំសីលធម៌ និងបណ្តុះគំនិតល្អៗដល់យុវជនកម្ពុជា តាមរយៈការផ្សារភ្ជាប់ព្រះពុទ្ធសាសនាជាមួយការអប់រំ និងជីវភាពរស់នៅប្រចាំថ្ងៃ។ កម្មវិធីនេះស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុក “មនុស្ស”ជាវិស័យ អាទិភាពទី១ ក្នុងការអភិវឌ្ឍជាតិ ផ្តោតលើការកសាងធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព សីលធម៌ និងការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា សីលធម៌ការរស់នៅ មានសារសំខាន់ណាស់ សម្រាប់ការរស់នៅទាំងក្នុងគ្រួសារនិងសង្គមជាតិ ។ ដោយឡែក ព្រះពុទ្ធសាសនា និងសាសនាដទៃទៀតដែលកំពុងប្រតិបត្តិនៅកម្ពុជា បានដើរតួនាទី យ៉ាងសំខាន់ក្នុងការតម្រង់ទិសអប់រំ មនុស្សឲ្យដើរលើផ្លូវត្រឹមត្រូវ ប្រកបដោយគុណធម៌ សីលធម៌ និងសុជីវធម៌ ។ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងធម្មការនិងសាសនា បានដាក់ចេញនូវ អភិក្រម “ស ៣” គឺ វត្តស្អាត វត្តស្វាង និងវត្តស្ងប់ សម្រាប់វត្តអារាម ដែលមានគោលបំណងលើកកម្ពស់តួនាទីវត្តឱ្យក្លាយជាគ្រឹះសម្រាប់សីលធម៌ បញ្ញា និងសន្តិភាពក្នុងសង្គម។ អភិក្រមនេះក៏អាចយកមកប្រើជាការដាស់តឿនបញ្ញារបស់សិស្សានុសិស្ស នៅតាមសាលារៀនឱ្យសមស្របទៅនឹងសង្គមសម័យថ្មីផងដែរ។
ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតរដ្ឋ រដ្ឋមន្រ្តី បានផ្តល់នូវទស្សនទានដល់ក្មួយៗសិស្សានុសិស្សដូចខាងក្រោម ៖
១. ក្មួយៗត្រូវតាំងចិត្តតស៊ូសិក្សារៀនសូត្រ
២.ចេះគោរព និងស្តាប់ដំបូន្មានលោកឪពុកអ្នកម្តាយ លោកគ្រូ អ្នកគ្រូ
៣.រក្សាអនាម័យទាំងខ្លួនប្រាណ បរិស្ថានសាលារៀន និងគេហដ្ឋានខ្លួនផ្ទាល់
៤.ត្រូវក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ មានក្រមសីលធម៌ល្អក្នុងសង្គម រក្សាប្រពៃណី ទំនៀមទំលាប់ ឲ្យបានខ្ជាប់ខ្ចួន
៥. ថែរក្សា និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ព្រះពុទ្ធសាសនា។
គួរបញ្ជាក់ថា កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា ត្រូវបានរៀបចំដោយក្រសួងធម្មការ និងសាសនា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងស្ថានីយទូរទស្សន៍រដ្ឋ និងឯកជន ដើម្បីផ្សព្វផ្សាយការអប់រំផ្នែកសីលធម៌ និងគុណធម៌ដល់យុវជននៅទូទាំងប្រទេស៕