នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម នៅសាលភក្តីវិក្រម៣ ព្រឹទ្ធសភា។
ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមប្រធានស្តីទី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូន លោក គីម ជុងណាម ប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារជាលើកទី២ នៅកម្ពុជា ដោយសង្កត់ធ្ងន់ថា វត្តមានជាថ្មីម្តងទៀតនាពេលនេះ របស់លោកប្រធាន GLS និងគណៈប្រតិភូ ជាសាក្ខីភាពបង្ហាញអំពីភាពរីកចម្រើនឥតឈប់ឈរនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសជាតិទាំងពីរ ដែលត្រូវបានពូនជ្រុំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអតីតប្រធានាធិបតី ឯកឧត្តម គឹម យ៉ុងសាម ដែលជាសហស្ថាបនិកនៃការផ្សាភ្ជាប់ឡើងវិញនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាលពីឆ្នាំ ១៩៩៦។
ឯកឧត្តមប្រធានស្តីទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក គីម ជុងណាម ប្រធានមូលនិធិ GLS ដែលជាបន្តបន្ទាប់ គិតចាប់តាំងពីឆ្នាំ២០២២មក មូលនិធិGLS បាននិងកំពុងបន្តផ្តល់ជំនួយមនុស្សធម៌ជូនដល់ប្រជាជនកម្ពុជា ក្នុងវិស័យសុខាភិបាល អប់រំ សង្គមកិច្ច ។ល។ នៅតាមបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេសកម្ពុជា។ ក្នុងក្របខណ្ឌអនុវត្តតាមស្មារតីនៃអនុស្សរណៈជាមួយគ្នានេះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្តល់អំណោយមនុស្សធម៌កូរ៉េដល់ព្រឹទ្ធសភាកម្ពុជា លើកទី៣ ជាមួយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១ ដែលមានថវិកាសរុបចំនួន ១៥លានដុល្លាអាម៉េរិក សម្រាប់ផ្តល់ដល់ខេត្តចំនួន៣ថែមទៀត គឺខេត្តកែប ខេត្តព្រៃវែង និងខេត្តបាត់ដំបង ដោយក្នុងមួយខេត្តទទួលបាន៥លានដុល្លាអាម៉េរិក។ ឯកឧត្តមប្រធានស្តីទី បានមានប្រសាសន៍បន្ថែមថា ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លានេះ ជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះ ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
តាងនាមឱ្យសម្តេចប្រធានព្រឹទ្ធសភា និងប្រជាជនកម្ពុជា ឯកឧត្តមប្រធានស្តីទី បានសម្តែងនូវក្តីអំណរគុណដល់មូលនិធិ GLS ជាពិសេសលោក គីម ជុងណាម និងសមាជិកគណៈប្រតិភូទាំងអស់ ដែលបានផ្តល់ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាជូនដល់ប្រជាជនកម្ពុជា។ លើសពីនេះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានបំពាក់គ្រឿងឥស្សរិយយសជូនដល់ លោកប្រធានមូលនិធិ និងសមាជិក សមាជិកាគណៈប្រតិភូ ដើម្បីលើកទឹកចិត្ក្នុក្នុងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតី កៀរគររកជំនួយសប្បុរសធម៌មកជួយលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពប្រជាជនកម្ពុជា។
ជាការឆ្លើយតបលោក គីម ជុងណាម ប្រធានមូលនិធិ GLS បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ដែលបានផ្តល់ឱកាស និងពេលវេលាដ៏មានតម្លៃសម្រាប់ជំនួបនាពេលនេះ និងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកប្រធានមូលនិធិ បានពាំនាំតាមរយៈ ឯកឧត្តមប្រធានស្តីទី នូវការថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំ ដែលបានរៀបចំចុះអនុស្សរណៈខាងលើ ព្រមទាំងកម្មវិធីទស្សនកិច្ចរបស់លោកនៅកម្ពុជា ជាពិសេស ចំពោះការបំពាក់គ្រឿងឥស្សរិយយសកម្ពុជា ជូនលោកផ្ទាល់ និងសមាជិកគណប្រតិភូ។ លោក គីម ជុងណាម បានជម្រាបជូនអំពីប្រវត្តិនៃការផ្តល់ជំនួយរបស់មូលនិធិ GLS ដែលបានចាប់ផ្តើម និងបានផ្តល់ជំនួយរបស់ខ្លួនចំនួន២២លើក ក្នុងទឹកប្រាក់សរុបចំនួន៣៤ លានដុល្លារអាម៉េរិក ចាប់ពីឆ្នាំ២០២២មកទល់បច្ចុប្បន្ននេះ ហើយក្នុងឆ្នាំ២០២៧ មូលនិធិមានគម្រោងវិសាលភាពបញ្ចូលទៅខេត្តផ្សេងទៀតផងដែរ ដោយសង្ឃឹមថា ថ្នាក់ដឹកនាំព្រឹទ្ធសភា នឹងបន្តគាំទ្រសកម្មភាពរបស់មូលនិធិGLS ជាបន្តទៀត។ នៅទីបញ្ចប់ ឯកឧត្តមប្រធានស្តីទី បានអះអាងជាថ្មីនូវការគាំទ្ររបស់ ឯកឧត្តមផ្ទាល់ ក៏ដូចជាព្រឹទ្ធសភាចំពោះបេសកកម្មមនុស្សធម៌របស់មូលនិធិ GLS នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលអនាគត៕





