ទេសរដ្ឋមន្ត្រី អៀង មូលី បើកកិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦


(ភ្នំពេញ)៖​ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញបើកកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំ D ទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំពេញអង្គនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្ត អង្គការ ជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិល សរុបចំនួន១៩០នាក់។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ពីរ៖ ១) ពិនិត្យ និងវាយតម្លៃរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាព នៃការងារប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ២០២៦, ២) ប្រមូល និងពិភាក្សាលើធាតុចូល ព្រមទាំងអនុសាសន៍នានាពីសមាជិក សមាជិកាចូលរួម។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង និងសហការប្រកបដោយផ្លែផ្កាជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការជំរុញនិងចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរ ភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាក្នុងបរិបទនេះ ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ៣ឆ្នាំរំកិល (២០២៧-២០២៩) និងការលើកគម្រោងថវិកាប្រចាំ ឆ្នាំ២០២៧ ត្រូវតែធ្វើឡើងដោយស្មារតីហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់ ស្របតាម សារាចរលេខ ០៦ សរ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ របស់រាជ រដ្ឋាភិបាល ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ផងដែរ។

ក្នុងគោលបំណងបង្កើននូវភាពម្ចាស់លើវឌ្ឍនភាពនៃគុណវិស័យ និងការរៀបចំយន្តការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំផែនការយុទ្ធសាស្ត្រ និងអនុវត្តសកម្មភាព រួមទាំងការតាមដាន និងវាយតម្លៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។

ផែនការនេះបានផ្ដោតសំខាន់លើ គោលដៅ ៩៥-៩៥-៩៥ ចំនួនប្រជាជនគន្លឹះនិងអត្រានៃការប្រើប្រាស់ស្រោមអនាម័យ។

ផែនការយុទ្ធសាស្រ្តដ៏ទូលំទូលាយ គ្របដណ្តប់គ្រប់វិស័យ និងមានលក្ខណៈវែងឆ្ងាយនេះ គឺជាមគ្គទេសក៍តម្រង់ផ្លូវ ដែលគោរពយ៉ាងខ្ជាប់ខ្ជួនទៅនឹងផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីប្រកាសនៃការប្ដេជ្ញាចិត្ត ក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍របស់ រាជរដ្ឋាភិបាល។

រហូតមកដល់ពេលនេះនៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ដែលមាន គោលនយោបាយចំនួន៧ និងវិធានការចំនួន៥៣ ជា លទ្ធផលបានបង្ហាញថានៅថ្នាក់ជាតិមានក្រសួង-ស្ថាប័នចំនួន៣០ បានធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនោះក្រសួង-ស្ថាប័ន ចំនួន២៥បានរៀបចំ និងបញ្ចូលផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ទៅក្នុងផែនការស្នូលរបស់ក្រសួង-ស្ថាប័នខ្លួន ដែលក្នុងនោះមាន ចំនួន១៥ បានទទួលការអនុម័តថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាទីបញ្ចប់លោកប្រធានបានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់ជំងឺអេដស៍ ហើយការប្ដេជ្ញាចិត្តនេះ ត្រូវបានអនុវត្តតាមរយៈការពង្រឹងភាពជាម្ចាស់ ភាពជាអ្នកដឹកនាំ និងការសម្របសម្រួលសហការជាចរន្តជាតិតែមួយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកសកម្មភាពឆ្លើយតបទ្វេដង។

ទន្ទឹម នឹងនេះ យើងក៏នឹងពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃជាតិ ដើម្បីធានាបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ រក្សាបាននូវចីរភាពនៃការឆ្លើយតបជាពហុវិស័យ ពី គ្រប់ស្ថាប័ន ជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ជាពិសេសបណ្ដាញអ្នកផ្ទុកមេរោគអេដស៍ ហើយយើងបង្កើតបាននូវស្ថាប័នដឹកនាំ គ្រប់គ្រងនិងសម្របសម្រួលតែមួយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាពិសេសមានផែនការយុទ្ធសាស្ត្រជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕