អភិបាលខេត្តស្វាយរៀង ណែនាំឲ្យបន្តពិនិត្យដោះស្រាយ និងពន្លឿនការចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទៅតាមផែនការ ដែលបានគ្រោងទុក


(ស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំមន្ទីររៀបដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត​ បន្តពិនិត្យដោះស្រាយ និងពន្លឿនការចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ទៅតាមផែនការដែលបានគ្រោងទុក។

ការថ្លែងណែនាំបែបនេះរបស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិស ដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការ ការពារសន្តិសុខសណ្តាប់ធ្នាប់បានល្អជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសការពង្រឹងបញ្ហា ភូមិឃុំសង្កាត់មានសុវត្ថិភាពជាដើម។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*១៖ បន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តឱ្យបានល្អជូនប្រជាពលរដ្ឋ។

*២៖ ពង្រឹងការទប់ស្កាត់បង្ក្រាបក្មេងទំនេីង​ បង្ក្រាបការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។

*៣៖ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

*៤៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណើរសំណូមពរ និងបញ្ហាផ្សេង ៗរបស់ប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការឱ្យអស់លទ្ធភាព។

*៥៖ អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យទប់ស្កាត់ការរំលោភបំពានលើដីចំណីផ្លូវ ព្រែក ប្រឡាយ បឹងបួរ ដែលជាកម្មសិទ្ធរបស់រដ្ឋ។

*៦៖ អាជ្ញាធរ ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ។

*៧៖ គ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមផ្សព្វផ្សាយទៅដល់មន្ត្រីរាជការ ប្រជាពលរដ្ឋអំពីការបង់ពន្ធមធ្យោបាយឱ្យបានទាន់ពេលវេលា និងតាមការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ៕