សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»។
ឆ្លើយតបទៅនឹងបរិបទសកលលោក ដែលប្រកបទៅដោយកត្តាមិនអំណោយផល និងបញ្ហាអសន្តិសុខយ៉ាងច្រើនអនេក និងបើទោះបីជាកម្ពុជាទទួលរងនូវការឈ្លានពានបូរណភាពទឹកដី និងរំលោភអធិបតេយ្យជាតិ ពីសំណាក់ប្រទេសជិតខាងក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាក៏នៅតែចាត់ទុកបញ្ហាសន្តិសុខនិងសុវត្ថិភាពសង្គម គឺជាកត្តាកំណត់សេចក្តីសុខក្សេមក្សាន្ត និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្តមុតស្រួច និងបទបញ្ជាម៉ឺងម៉ាត់នានា ដើម្បីឆ្លើយតបនិងដោះស្រាយរាល់បទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី រួមទាំងបទឧក្រិដ្ឋគ្រឿងញៀនផងដែរ។
ដោយក្នុងនោះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានខិតខំឆ្លើយតបយ៉ាងសកម្មឈ្មូសឈ្នួលទៅនឹងបញ្ហានេះ ដោយប្រើប្រាស់គ្រប់មធ្យោបាយ យុទ្ធវិធី និងវិធានការប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឆ្លើយតបឱ្យសមស្របទៅនឹងបរិការណ៍ពិភពលោកដែលវិវឌ្ឍដ៏សែនលឿនរហ័សខុសពីការរំពឹងទុក ជាពិសេសឈរលើ គោលការណ៍រួបរួមគ្នាពីកម្លាំងចលករគ្រប់វិស័យ ក្រោមស្មារតីក្នុងការចាត់ទុកបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទំនួលខុសត្រូវរួមរបស់សង្គមជាតិទាំងមូល៕







