ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឲ្យលោក Leung Chun Ying អនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ប្រធានមូលនិធិ GX Foundation និងជាអតីតនាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង (HK SAR) និងគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រួមទាំងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការទាក់ទាញភ្ញៀវទេសចរ ពីតំបន់រដ្ឋបាលពិសេសហុងកុងមកកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
លោក Leung Chun Ying បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនគណៈប្រតិភូជាន់ខ្ពស់របស់មូលនិធិ ចូលជួបពិភាក្សាការងារផ្លាស់ប្តូរទស្សនៈស៊ីជម្រៅពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍ ព្រមទាំងកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ឲ្យកាន់តែទូលំទូលាយដល់ប្រជាជននៅតំបន់រដ្ឋបាលពិសេសហុងកុង អំឡុងពេលយុទ្ធនាការលើកលែងទិដ្ឋាការជូនប្រជាជនចិនសាកល្បង ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានប្រតិភូ ក៏បានរាយការណ៍ពីលទ្ធផលសកម្មភាពមនុស្សធម៌ជាច្រើននៅកម្ពុជា រួមមាន ការផ្តល់សេវាវះកាត់ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរាប់ពាន់នាក់ និងការអនុវត្តកម្មវិធីទប់ស្កាត់ជំងឺឆ្លងតាមភ្នាក់ងារចម្លងនៅតាមបណ្តាខេត្តនានា។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការរួមចំណែកដ៏សកម្មរបស់មូលនិធិ GX Foundation ទាំងក្នុងវិស័យទេសចរណ៍ និងសកម្មភាពមនុស្សធម៌ ដែលពិតជាបានរួមចំណែកដ៏សំខាន់ដល់ការពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន។
លោករដ្ឋមន្ត្រី បានស្នើលោកប្រធាន បន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនចិននៅតំបន់រដ្ឋបាលពិសេសហុងកុង ឱ្យកាន់តែទូលំទូលាយ ជាពិសេសក្នុងអំឡុងយុទ្ធនាការសាកល្បង លើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ព្រមទាំងជួយជំរុញដំណើរសិក្សាស្វែងយល់ពីសក្តានុពលទេសចរណ៍ (FAM Trip) សម្រាប់វិនិយោគិន សារព័ត៌មាន និងប្រតិបត្តិករទេសចរណ៍។ លោករដ្ឋមន្ត្រី ក៏បានស្នើមូលនិធិសិក្សាពិនិត្យលទ្ធភាពបញ្ជូនក្រុមគ្រូពេទ្យមកផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០២៦ គឺជាខួបលើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។
នៅក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនប្រមាណ ១,២លាននាក់ កើនឡើង៤២% ធៀបនឹងឆ្នាំ២០២៤។ ដោយឡែក ក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៥លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនជាង ៤០ម៉ឺននាក់ ឈរលំដាប់ទី១ នៃទីផ្សារទេសចរណ៍របស់កម្ពុជា។
GX Foundation គឺជាអង្គការមនុស្សធម៌មិនស្វែងរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយផ្តោតលើការផ្តល់សេវាសុខាភិបាល និងជំនួយមនុស្សធម៌នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ មូលនិធិនេះបានអនុវត្តគម្រោងវះកាត់ជំងឺភ្នែកឡើងបាយដោយឥតគិតថ្លៃ និងគម្រោងសុខាភិបាលសាធារណៈជាច្រើន ដែលបានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជាយ៉ាងទូលំទូលាយ៕










