លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប)(PHC-BIF) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យផ្ទាល់នៅខេត្តស្វាយរៀង ដើម្បីពង្រឹង និងជំរុញការអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋាន ជាពិសេសនៅស្រុកចន្ទ្រា។
វត្តមានរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងខេត្តស្វាយរៀង គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព និងសមធម៌។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នៅមណ្ឌលសុខភាពមេសរថ្ងក ស្ថិតនៅឃុំមេសរថ្ងក ស្រុកចន្ទ្រា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីវេជ្ជបណ្ឌិត បានណែនាំឲ្យប្រធានមណ្ឌលសុខភាពមេសរថ្ងក បន្តពង្រឹងការងារផ្តល់សេវាសុខភាព ឲ្យបានល្អប្រសើរបន្ថែមទៀត និងត្រូវទទួលយកចំណុចខ្វះខាតមកកែតម្រូវឡើងវិញ។ ជាពិសេស លោកស្រីបានសង្កត់ធ្ងន់លើការរៀបចំឱ្យមានសេវាពិនិត្យព្យាបាល មាត់ធ្មេញបឋម និងសេវាពិនិត្យភ្នែកបឋម នៅមណ្ឌលសុខភាពផងដែរ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់របស់ ក្រសួងសុខាភិបាល ក្នុងការផ្តល់សេវាសុខភាពដ៏ទូលំទូលាយជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
បន្ទាប់ពីការចុះពិនិត្យ លោកស្រីវេជ្ជបណ្ឌិត បានបន្តដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត នៅសាលាស្រុកចន្ទ្រា។ កិច្ចប្រជុំនេះមានការចូលរួមយ៉ាងសកម្មពីសំណាក់លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត ទែន សាបុន អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង តំណាងលោកវេជ្ជបណ្ឌិត គុជ សុីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា ព្រមទាំងអាជ្ញាធរឃុំ ភូមិ មន្ត្រីសុខាភិបាល ក្រុមទ្រទ្រង់សុខភាពភូមិ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានបង្ហាញពីកិច្ចសហការដ៏រឹងមាំរវាងផ្នែកពាក់ព័ន្ធនានា ក្នុងការលើកកម្ពស់សុខភាពសាធារណៈ។
ថ្លែងក្នុងឱកាសនោះ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង បានគូសបញ្ជាក់ថា សុខភាពជាទ្រព្យដ៏មានតម្លៃបំផុត។ ដើម្បីរក្សាសុខភាពឱ្យបានល្អ ការពិនិត្យសុខភាពជាប្រចាំនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព គឺជាការវិនិយោគដ៏សំខាន់បំផុត ដើម្បីបង្ការ និងតាមដានសុខភាពរាងកាយឱ្យបានទូលំទូលាយ។ ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យជៀសវាងការផ្សំថ្នាំ ឬលក់ថ្នាំដោយគ្មានវេជ្ជបញ្ជាច្បាស់លាស់ ពីគ្រូពេទ្យជំនាញ ព្រោះវាអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងបង្កើនហានិភ័យនៃការស៊ាំនឹងថ្នាំ។ ការធ្វើរោគវិនិច្ឆ័យមិនច្បាស់លាស់ នាំឱ្យការប្រើប្រាស់ថ្នាំខុសគោលដៅ ដូច្នេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំទៅផ្សំថ្នាំនៅកន្លែងលក់ថ្នាំពេទ្យ ដែលគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យឲ្យសោះ។
ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយលោកបានកោតសរសើរ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ត្រីសុខាភិបាលក្នុងស្រុកប្រតិបត្តិទាំងអស់ ចំពោះការខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលជាច្រើននៃវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង។ លោកស្រីបានសង្កត់ធ្ងន់ថា ការថែទាំសុខភាពបឋម គឺជាកិច្ចការអន្តរវិស័យ ដែលទាមទារការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ រួមមានស្ថាប័នរដ្ឋ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត អង្គការដៃគូ និងជាពិសេស គឺប្រជាពលរដ្ឋផ្ទាល់ ដើម្បីធានាបាននូវសុខុមាលភាពសាធារណៈប្រកបដោយប្រសិទ្ធភាព។
ដើម្បីពង្រីកវិសាលភាពនៃការយល់ដឹងអំពីសុខភាព លោកស្រីវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានស្នើដល់មន្ត្រីពាក់ព័ន្ធជាពិសេស មន្ត្រីសុខាភិបាល សូមបន្តផ្សព្វផ្សាយការយល់ដឹងអំពីសុខភាព ដូចជា «តិចអំបិល តិចខ្លាញ់ តិចស្ករ» និងចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការជក់បារី និងបារីអេឡិចត្រូនិក គ្រប់ប្រភេទ ព្រមទាំងកាត់បន្ថយការពិសារគ្រឿងស្រវឹង ជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង ដើម្បីលើកកម្ពស់សុខភាព និងសុវត្ថិភាពនៅក្នុងសហគមន៍។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្តាំផ្ញើ និងណែនាំដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋានមានភូមិ ឃុំ ស្រុក ព្រមទាំងក្រុមទ្រទ្រង់សុខភាពភូមិទាំងអស់ សូមបន្ត និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញបង្កើនការអនុវត្តក្របខ័ណ្ឌ PHC-BIF នៅតាមសហគមន៍របស់ខ្លួន។ ក្នុងនោះក៏មានការជំរុញបន្តកែលម្អគុណភាពសេវាសុខាភិបាល និងការចូលរួមរបស់ដៃគូពាក់ព័ន្ធក្នុងសហគមន៍ ក្នុងការការពារ ថែទាំសុខភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងចាត់ទុកកិច្ចការ PHC-BIF ជាការទទួលខុសត្រូវក្នុងបរិបទសង្គមជាតិទាំងមូល ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ៕

































