ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ចុះសួរសុខទុក្ខអាជីវករផ្សារឈូកមាស ក្នុងខណ្ឌសែនសុខ


ឯកឧត្តមសាស្ដ្រាចារ្យ​ ម៉ម​ ប៊ុនហេង​ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខអាជីវករលក់ដូរនៅក្នុងផ្សារឈូកមាស ស្ថិតនៅ​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​។

អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ បានឱ្យដឹងថា ការចុះមកនេះក្រៅពីបានដឹងពីសុខទុក្ខរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ចង់ស្វែងផ្ទាល់ពីការរស់នៅនិងប្រកបមុខរបបរបស់ពួកគាត់ ពិសេសមានបញ្ហាប្រឈមអ្វីទេជុំវិញសុខសុវត្ថិភាពក្នុងភូមិ-ឃុំ។

ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា «ថ្ងៃនេះយើងបានចុះមកជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋយើងដែលជាអាជីវករនៅក្នុងផ្សារឈូកមាស ហើយការចុះមកនេះក្រៅពីចង់ដឹងសុខទុក្ខគាត់ ក៏ដើម្បីស្វែងយល់បន្ថែមពីតម្រូវពួកគាត់ តើមានអ្វីស្នើសុំទេ ឬមានបញ្ហាអ្វីអត់ តែពេលបានជួបពួកគាត់ហើយ ឃើញថាមានទឹកមុខសប្បាយរីករាយ ដែលអាជ្ញាមូលដ្ឋានយើងបានបន្ដយកចិត្ដទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនដែលដាច់នោះឡើយ មិនថាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន»

ឯកឧត្តមបានគូសបញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្រុមការងារចុះជួយខណ្ឌសែនសុខ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បម្រើសេវាសាធារណៈជូនពួកគាត់ប្រកបដោយការពេញចិត្ដ និងភាពកក់ក្ដៅ តាមរយៈថែរក្សាការពារភូមិ-ឃុំ មានសុខសុវត្ថិភាព ជាពិសេសគឺជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ដោយផ្ដល់ការអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាព និងជួយពួកគាត់ពីមានបញ្ហាសុខភាព ។ដូច្នេះការចុះមកសួរសុខទុក្ខនេះ គ្រាន់តែជាចំណែកមួយដើម្បីស្វែងយល់ពីពួកគាត់ជាក់ស្ដែង ហើយក្រុមការងារក៏តែងតែធ្វើមិនដែលខកខានឡើយ និងបន្ដសកម្មភាពនេះ ព្រោះជាផ្នែកមួយដែលបានបង្កើនទាំងភាពសិទ្ធិសា្នល និងក្ដីស្រលាញ់ទៅដល់ប្រជាជននៅក្នុងមូលដ្ឋាន។

សូមជម្រាបថាការអញ្ជើញចុះសួរសុខទុក្ខដល់អាជីវករខាងលើនេះ ក៏មានការចូលរួមពីលោកអភិបាលខណ្ឌសែនសុខ​ និង​លោកចៅសង្កាត់​ក្រាំងធ្នង់​ ព្រមទាំង​មន្ត្រី​រដ្ឋបាលខណ្ឌផងដែរ៕