នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សស្រុកមេមត់ បានរៀបចំពិធីផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត» និងសេចក្ដីសម្រេចស្ដីពី «ការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧» នៅស្នាក់ការគណបក្សស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្ដាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមេមត់។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់សមាជិក សមាជិកាគ្រួសារបក្សទាំងអស់។
ប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏បានគូសបញ្ជាក់ពីសមិទ្ធផលធំៗ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាលំដាប់។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែនកុសល្យ បានកោតសរសើរចំពោះគណៈកម្មាធិការគណបក្សស្រុកមេមត់ ដែលបានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលល្អនាពេលកន្លងមក។ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខ លោក បានដាក់ចេញនូវការណែនាំគន្លឹះៗមួយចំនួនរួមមាន៖
១. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង៖ ថ្នាក់ដឹកនាំនិងសមាជិកបក្សគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ខេត្ត ស្រុក ឃុំ រហូតដល់ភូមិ ត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋដែលមានទុក្ខលំបាក ដោយត្រូវពិនិត្យមើលការផ្តល់ប័ណ្ណក្រីក្រឱ្យបានត្រឹមត្រូវ និងចំគោលដៅបំផុត។
២. ការលើកកម្ពស់សោភ័ណភាព និងបរិស្ថាន៖ ជំរុញឱ្យក្រុមការងារចុះជួយស្រុកមេមត់ សហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសិក្សា និងរៀបចំដាំដើមឈើលម្អបន្ថែមតាមដងផ្លូវសាធារណៈនៅក្នុងរដូវវស្សានេះ ព្រមទាំងរៀបចំដាក់បំពាក់ប្រព័ន្ធភ្លើងបំភ្លឺដើរដោយថាមពលព្រះអាទិត្យ (សូឡា) ផងដែរ។
៣. ត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោត៖ អាជ្ញាធរមូលដ្ឋានត្រូវចុះផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងណែនាំអំពីការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ ព្រមទាំងក្តាប់ឱ្យបាននូវរាល់ទុក្ខលំបាករបស់ពួកគាត់ ដើម្បីស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។
លោកប្រធានបានលើកទឹកចិត្ត ដោយប្រគល់សេចក្តីសម្រេច និងឧបត្ថម្ភថវិកាដល់គណៈបក្សស្រុក និងគណៈបក្សឃុំនីមួយៗចំនួន ៥០ម៉ឺនរៀល ព្រមទាំងសម្ភារៈការិយាល័យដល់គណៈបក្សស្រុក រួមមាន កុំព្យូទ័រយួរដៃ (Laptop) ចំនួន ២គ្រឿង និងម៉ាស៊ីនបោះពុម្ព (Printer) ចំនួន ២គ្រឿង ដើម្បីសម្រួលដល់ការងាររដ្ឋបាលឱ្យកាន់តែមានភាពរលូនផងដែរ៕











