នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះការវិនិយោគដាំដើមប្រេងខ្យល់ និងដំណាំផ្សេងៗទៀត ដែលបានប្រែក្លាយដីព្រៃរិចរិលទៅជាផលប្រយោជន៍សម្រាប់សេដ្ឋកិច្ច និងការងារសម្រាប់ប្រជាពលរដ្ឋ។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តក្រចេះនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីការដាក់ចេញនូវកម្មវិធីមួយកំណែទម្រង់មួយចំនួននៅលើទឹកដីខេត្តក្រចេះ ពាក់ព័ន្ធការបែងចែកកម្មសិទ្ធិដីធ្លីសម្រាប់ពលរដ្ឋបង្កបង្កើនផល និងកំណែទម្រង់សេដ្ឋកិច្ចជាដើម។ សម្តេចតេជោ បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពលើវិស័យកសិកម្ម កសិ-ឧស្សាហកម្មក្នុងខេត្តភាគឦសានមួយនេះ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពីភាពត្រឹមត្រូវក្នុងការដាក់ចេញគោលនយោបាយ និងចក្ខុវិស័យកាលពីអតីតកាល។
មានប្រសាសន៍ដល់ការអភិវឌ្ឍផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្មនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការគាំទ្រលើការវិនិយោគដាំដើមប្រេងខ្យល់នៅភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ របស់ក្រុមហ៊ុនហូលីផ្លេនថេសិន។ សម្តេចតេជោ បានបញ្ជាក់ថា ការវិនិយោគនេះ បានប្រែក្លាយដីព្រៃរិចរិលទៅជាប្រយោជន៍សម្រាប់សេដ្ឋកិច្ច និងការងារសម្រាប់ប្រជាពលរដ្ឋនៅទីជនបទដាច់ស្រយាល។ ការវិនិយោគបែបនេះ ក៏ជាការចូលរួមចំណែកគាំពារដល់បរិស្ថានដែរ នៅពេលដើមឈើទាំងនោះបានលូតលាស់។
សូមបញ្ជាក់ថា ដើម្បីប្រែក្លាយដីព្រៃរិចរិលទៅជាថាមពលថ្មីសម្រាប់សេដ្ឋកិច្ចនៅទីជនបទ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដីស្ថានីយផ្សព្វផ្សាយ ស្តារព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទំហំជិត ៣ម៉ឺនហិកតា ក្នុងភូមិសាស្ត្រ ស្រុកសំបូរ ខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជូនក្រុមហ៊ុនហូលីផ្លេនថេសិន ដាំដុះដើមប្រេងខ្យល់។
ក្រុមហ៊ុនបានចាប់ផ្តើមដាំដើមប្រេងខ្យល់នៅឆ្នាំ២០១៩ រហូតដល់ពេលបច្ចុប្បន្នក្រុមហ៊ុនដាំលើផ្ទៃដីសរុប ១៣ ០០០ហិកតា។ ដើមប្រេងខ្យល់បានលូតលាស់យ៉ាងល្អ ហើយក៏បាននិងកំពុងប្រមូលផលយកទៅកែច្នៃជាក្តារបន្ទះ និងគ្រឿងសង្ហារឹមមួយចំនួនទៀត។ ក្រុមហ៊ុនហូលីផ្លេនថេសិន ក៏កំពុងពង្រីកការដាំដុះទៅលើផ្ទៃដីក្នុងភូមិសាស្ត្រស្រុកសៀមបូក ខេត្តស្ទឹងត្រែងថែមទៀត។
តាមរយៈការវិនិយោគនេះ ក្រុមហ៊ុនបានផ្តល់ការងារទៀងទាត់ជូនប្រជាពលរដ្ឋនៅក្នុងឃុំបឹងចារ ស្រុកសំបូរ និងមកពីតំបន់ដទៃទៀត តាមរយៈការដាំដើមប្រេងខ្យល់ ការថែទាំដើមប្រេងខ្យល់ ការកាត់ប្រមូលដើមប្រេងខ្យល់ និងការធ្វើការងារនៅក្នុងរោងចក្រកែច្នៃឈើជាដើម។ តាមរយៈការងារក្នុងចំការដើមប្រេងខ្យល់ ដែលជាចម្ការឈើដាំខ្នាតយក្សលើកដំបូងនៅកម្ពុជានេះ បានផ្តល់ប្រាក់ចំណូលទៀងទាត់ ហើយក៏បានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់បានល្អប្រសើរជាងមុន។
មិនត្រឹមផ្តល់ការងារ និងប្រាក់ចំណូលប៉ុណ្ណោះទេ តាមរយៈការវិនិយោគនេះ ក្រុមហ៊ុនបានចូលរួមចំណែកធ្វើផ្លូវ និងស្ពានសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិកផលកាន់តែងាយស្រួល៕














































