ឯកឧត្តម ខូយ រីដា ដាក់បទបញ្ជាក្តៅលើការងារសេវាសាធារណៈ និងការកែលម្អសោភណភាពផ្លូវទៅកាន់ឃុំកំពង់លួង ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកក្រគរ


ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុកក្រគរ សរុបចំនួន២រូប នៅបរិវេណសាលាស្រុកក្រគរ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥៦៤ អនក្រ.តត ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចតែងតាំងលោក អ៊ន សុផល្លា ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់។ និងប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៦៦៧៤.ប្រក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចផ្ទេរភារកិច្ច លោក ក្រូច សុខុន ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានអនុក្រឹត្យតែងតាំងអភិបាលនៃគណៈអភិបាលស្រុកក្រគរ និងប្រកាសផ្ទេរភារកិច្ចអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ នោះរួចមក, លោក អ៊ន សុផល្លា ដែលទើបទទួលបានការតែងតាំងថ្មី បានប្តេជ្ញា៖ ទី១. អនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគោលការណ៍ណែនាំរបស់អភិបាលខេត្តពោធិ៍សាត់។ ទី២. ពង្រឹងតួនាទីតាមពាក្យស្លោក “ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះត្រូវសុំគោលការណ៍” ដោយប្រកាន់ខ្ជាប់នូវគណនេយ្យភាព និងតម្លាភាពក្នុងការដឹកនាំ។ ទី៣. រក្សាឯកភាពផ្ទៃក្នុង និងសហការល្អជាមួយគ្រប់ស្ថាប័ន ដើម្បីធានាដំណើរការការងាររដ្ឋបាលស្រុករលូន។ ទី៤. ប្តេជ្ញាលុបបំបាត់ភាពអសកម្ម ជំរុញការផ្តល់សេវាសាធារណៈ ការកែលម្អសោភណភាពស្រុក និងទាក់ទាញការអភិវឌ្ឍតាមយន្តការ “រក្សាចាស់ បង្កើនថ្មី” ដើម្បីលើកកម្ពស់ជីវភាពប្រជាជន។ និងទី៥. ពង្រឹងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” (បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងទប់ស្កាត់គ្រឿងញៀន/ល្បែងស៊ីសង) រួមទាំងការប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពខ្លួនឯងតាមសម័យបច្ចេកវិទ្យា ៤.០។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លីវ សេងហ៊ីម អតីតអភិបាលស្រុកក្រគរ ដែលបានបំពេញបេសកកម្មការងារជូនជាតិ និងប្រជាជនយ៉ាងសកម្មរហូតដល់ថ្ងៃចូលនិវត្តន៍។

ទន្ទឹមនឹងនេះ ឯកឧត្តមបានសម្តែងការជឿជាក់យ៉ាងមុតមាំ ចំពោះអភិបាលស្រុកក្រគរថ្មី ដែលត្រូវបានតែងតាំងពីអភិបាលរងស្រុកកណ្តៀង ដោយកត់សម្គាល់ថា «មន្ត្រីរូបនេះ គឺជាអ្នកដឹកនាំដែលមានសមត្ថភាពខ្ពស់ មានបទពិសោធន៍ការងារជាក់ស្តែង និងមានឆន្ទៈមោះមុតក្នុងការបម្រើប្រជាពលរដ្ឋ»។ សម្រាប់អភិបាលរងស្រុកដែលត្រូវបានផ្ទេរភារកិច្ចថ្មី លោកក៏បានលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីទទួលខុសត្រូវខ្ពស់ នៅកន្លែងបំពេញការងារថ្មីផងដែរ។

ឯកឧត្តម ខូយ រីដា បានជំរុញឱ្យអាជ្ញាធរស្រុកថ្មី ត្រូវខិតខំផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវមានការបង្អែបង្អង់ ឬការយកកម្រៃក្រៅផ្លូវការឡើយ។ មន្ត្រីត្រូវយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ពលរដ្ឋនៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញយ៉ាងមុតមាំឱ្យអាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ របៀបរយ និងអនាម័យបរិស្ថាន ពិសេសលើដងផ្លូវឆ្ពោះទៅឃុំកំពង់លួង ដើម្បីលើកកម្ពស់សោភណភាព និងភាពទាក់ទាញដល់ភ្ញៀវទេសចរ។ បន្ថែមលើនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបំផុសចលនាដាំដើមឈើឱ្យបានគ្រប់ទីកន្លែងនៅក្នុងស្រុក ទាំងនៅតាមសាលារៀន វត្តអារាម និងតាមដងផ្លូវ ដើម្បីចូលរួមចំណែកការពារបរិស្ថាន និងបង្កើនគម្របបៃតងក្នុងខេត្ត។

ឯកឧត្តមសង្ឃឹមថា ថ្នាក់ដឹកនាំស្រុកថ្មី នឹងរួមសាមគ្គីគ្នាជាមួយមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ដើម្បីកសាង និងអភិវឌ្ឍស្រុកក្រគរឱ្យកាន់តែរីកចម្រើនថែមទៀត៕