ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការរំលាយគណបក្សសង្គ្រោះជាតិ វាមិនបានប៉ះពាល់សិទ្ធិ និងឆន្ទៈពលរដ្ឋជាង ៣ លាននាក់នោះទេ ផ្ទុយទៅវិញការរំលាយនេះគឺជាការការពារសិទ្ធិ និងឆន្ទៈប្រជាពលរដ្ឋព្រោះពលរដ្ឋចង់បានសេចក្ដីសុខ សណ្ដាប់ធ្នាប់សង្គម ហើយវាក៏ជាការអនុវត្តច្បាប់មួយដែលពលរដ្ឋចង់បាន និងយុត្តិធម៌នៅក្នុងសង្គម។
ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាក្រោយអវត្តមានគណបក្សសង្គ្រោះជាតិ» ដោយមានការចូលរួមពី ឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម គឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ផាន់ សិទ្ធី តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក ចិន ថុន តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងមានអ្នកចូលរួមផ្សេងទៀតប្រមាណជាង ២០០ នាក់នៅសាលប្រជុំរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា៖ «ករណីដែលនាំឲ្យបក្ស CNRP ត្រូវបានរំលាយដោយតុលាការនេះ បើយើងពិនិត្យក្នុងអត្ថបទច្បាប់គឺគណបក្សបានប្រព្រឹត្តកំហុសដូច ដែលមានចែងក្នុងច្បាប់នៃមាត្រាថ្មីនេះដែលមានពាក់ព័ន្ធដល់ រចនាសម្ព័ន្ធ និងថ្នាក់ដឹកនាំរបស់គណបក្ស»។