ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំ និងសមាជិក FASMEC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) និងជំរុញការរីកចម្រើនសេដ្ឋកិច្ចរបស់ខេត្ត។
ក្នុងជំនួបនេះ ឧកញ៉ា តែ តាំងប៉ បានជម្រាបជូនឯកឧត្តមអភិបាលខេត្ត អំពីសន្ទុះនៃការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ផលិតផលក្នុងស្រុក ជាពិសេសផលិតផលកសិ-ឧស្សាហកម្ម និងផលិតផលកែច្នៃរបស់សហគ្រាសខ្មែរ។ ដោយផ្អែកលើទស្សនទាន «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» លោកឧកញ៉ាបានលើកឡើងពីគម្រោងរបស់ FASMEC ក្នុងការរៀបចំបង្កើត តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) នៅក្នុងខេត្តកំពង់ធំ ព្រមទាំងបង្កើត FASMEC Shop ដែលជាមជ្ឈមណ្ឌលដាក់តាំងបង្ហាញ លក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីពង្រីកទីផ្សារ និងបង្កើនបណ្តាញចែកចាយផលិតផលរបស់សមាជិក។
លោកឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់ថា ការបង្កើត SME Cluster នឹងជួយពង្រឹងខ្សែច្រវាក់ផលិតកម្ម កាត់បន្ថយថ្លៃដើមផលិត បង្កើនគុណភាពផលិតផល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ខណៈដែល FASMEC Shop នឹងក្លាយជាវេទិកាសំខាន់សម្រាប់លើកស្ទួយផលិតផលខ្មែរ និងភ្ជាប់ផលិតករទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។
ជាការឆ្លើយតប ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យ និងគំនិតផ្តួចផ្តើមរបស់ FASMEC ដោយបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងខេត្ត។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានចែករំលែកអំពីទិសដៅយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្ត ក្នុងការជំរុញការធ្វើ ពិពិធកម្មវិស័យកសិកម្ម ដោយគ្រោងកាត់បន្ថយផ្ទៃដីធ្វើស្រែមួយផ្នែក ដើម្បីបង្វែរទៅអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម និងវារីវប្បកម្ម ដែលមានសក្តានុពលបង្កើនតម្លៃបន្ថែម និងប្រាក់ចំណូលជូនប្រជាកសិករ។
ឯកឧត្តមបានបញ្ជាក់ថា ទិសដៅអភិវឌ្ឍន៍នេះ មានភាពស៊ីសង្វាក់គ្នាជាមួយគម្រោង SME Cluster និង FASMEC Shop របស់ FASMEC ព្រោះនឹងរួមចំណែកបង្កើតខ្សែច្រវាក់តម្លៃ (Value Chain) ពេញលេញ ចាប់ពីការផលិត ការកែច្នៃ រហូតដល់ការចែកចាយ និងដាក់លក់លើទីផ្សារ ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចខេត្តកំពង់ធំឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។
ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល យោគយល់គ្នាខ្ពស់ និងប្រកបដោយផ្លែផ្កា ដោយភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍នានាឱ្យលេចចេញជាលទ្ធផលជាក់ស្តែង សំដៅលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យម និងជំរុញកំណើនសេដ្ឋកិច្ចខេត្តកំពង់ធំឱ្យកាន់តែរឹងមាំ៕







