ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើឥតគិតថ្លៃ ក្រោមមូលបទ «ពន្លកបៃតង» ឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅយ៉ាងកុះករនៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ


ព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់ជាប្រវត្តិសាស្រ្តនេះ បានចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ នៅថ្ងៃទី២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ពិព័រណ៍ «ពន្លកបៃតង» បន្តទទួលបានការទាក់ទាញ និងការចូលរួមយ៉ាងខ្លាំងក្លាចូលទស្សនា និងមកទទួលយកកូនឈើចម្រុះទៅដាំ ពីសំណាក់មន្ត្រីរាជការ សិស្ស-និស្សិត និងសាធារណជនទូទៅ យ៉ាងច្រើនកុះករ។

កូនឈើចម្រុះរួមមាន ប្រភេទឈើប្រណីត (ដូចជា បេង នាងនួន ក្រញូង ធ្នង់) ឈើហូបផ្លែ ឈើលម្អ និងកូនត្នោត ចំនួណជាង ១លានដើម បានរៀបចំចែកចាយជាបន្តបន្ទាប់នៅក្នុងពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញចូលរួមជាថ្មីទៀត ដើម្បីលើកទឹកចិត្ត និងជួបសំណេះសំណាលជាមួយ អ្នកចូលរួមក្នុងថ្ងៃទី២នេះនៃពិព័រណ៍«ពន្លកបៃតង»។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ការចូលរួម ក្នុងពិព័រណ៍ «ពន្លកបៃតង» នាពេលនេះ ជាសក្ខីភាពនៃកម្លាំងសាមគ្គីភាព ដ៏មានឥទ្ធិពល ដែលសបញ្ជាក់ថា កិច្ចគាំពារបរិស្ថាន មិនមែនជាកាតព្វកិច្ចរបស់ក្រសួងបរិស្ថានឡើយ ប៉ុន្តែជាកាតព្វកិច្ចរួម របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការដាក់បង្ហាញ កូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាពិព័រណ៍នៃក្តីសង្ឃឹម នៃស្មារតីទទួលខុសត្រូវ និងជាគ្រឹះនៃអនាគតបៃតង របស់ប្រទេសកម្ពុជាយើង។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញផែនការស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំបណ្តុះ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់បង្កើតឡើងចំនួន៥កន្លែងនៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគីរី និងកោះកុង និងធ្វើការចែកចាយកូនឈើចំនួន ៥លានដើម នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៦នេះ។ ក្រៅពីការចែកកូនឈើ ព្រឹត្តិការណ៍ឆ្នាំនេះ ក៏មានការប្រកាសបើកយុទ្ធនាការដាំដើមត្នោត ១លានដើម ផងដែរ។

ព្រឹត្តិការណ៍ទន្ទឹមគ្នាសាធារណជនទាំងអស់ អាចអញ្ជើញទៅទស្សនាស្តង់ពិព័រណ៍ របស់មន្ទីរបរិស្ថានទាំង២៥ រាជធានី-ខេត្ត ស្តង់ពីព័រណ៍អង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានរដ្ឋ និងឯកជន និងពិព័រណ៍ភូមិ១ ផលិតផល១ ការដាក់តាំងបង្ហាញសម្ភារៈមេត្រីបរិស្ថាន និងទទួលយកកូនឈើដោយឥតគិតថ្លៃ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦៕