ឯកឧត្តម ណុប រ័ត្ននិមល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន ក្រុមការងារយុវជនគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកការអភិវឌ្ឍន៍មូលធនមនុស្សជាអាទិភាពទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងបានកំណត់អាទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ និងជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ប្រែក្លាយជាប្រទេសចំណូលខ្ពស់។
ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងដូចនេះ នាឱកាសតំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដឹកនាំក្រុមការងារយុវជនចុះត្រួតពិនិត្យកាត់វិញ្ញាសារប្រឡងសាកល្បងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលការប្រឡងសាកល្បងនេះ បានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត និងនៅបឋមសិក្សាបារគូ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ។
យោងតាមរបាយការណ៍របស់ លោក ផេង រិទ្ធីយ៉ា នាយកវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួត បានឲ្យដឹងថា ការប្រឡងសាកល្បង សិស្សានុសិស្សថ្នាក់ទី១២ នៅទូទាំងស្រុកកណ្តាលស្ទឹង គឺជាលើកទី៩ហើយ ដែលឆ្នាំនេះ មានចំនួន ១០៨៧នាក់ ក្នុងនោះមានស្រីចំនួន ៦៥៧នាក់ ដែលការប្រឡងសាកល្បងនេះចែកចេញជាពីរមណ្ឌល គឺនៅមណ្ឌលវិទ្យាល័យ ហ៊ុនសែន កំពង់កន្ទួតនៅ ប្រឡងផ្នែកសង្គម ហើយនៅមណ្ឌលបឋមសិក្សាបារគូ ប្រឡងផ្នែកវិទ្យាសាស្ត្រ ដើម្បីវ៉ាស់ស្ទង់សមត្ថភាព ឈានទៅប្រឡងថ្នាក់ជាតិ សញ្ញាបត្រមធ្យមសិក្សាទុត្តិយភូមិ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ សម្រាប់ស្រុកកណ្តាលស្ទឹង បានជាប់ចំណាត់លេខ១ស្ទើរៀងរាល់ឆ្នាំ ហើយការរៀបចំប្រឡងសាកល្បងនេះ គឺបានរៀបចំធ្វើជារៀងរាល់ឆ្នាំចាប់តាំងពី២០១៧មក ដោយក្រមការងារយុវជនគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង។
ការប្រឡងសាកល្បងនេះបានធ្វើឡើង ដោយបានការចង្អុរបង្ហាញពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង គឺដើម្បីជាការជួយពង្រឹងសមត្ថភាព និងជំនួយស្មារតីដល់ប្អូនៗឱ្យកាន់តែព្យាយាមសិក្សារៀនសូត្រ ដើម្បីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ នាពេលខាងមុខទទួលបាននិទ្ទេសល្អ ដូចជារៀមច្បងឆ្នាំមុនៗ និងដើម្បីចូលរួមលើកស្ទួយដល់វិស័យអប់រំឲ្យកាន់មានសន្ទុះនិងខ្លាំងក្លាបន្ថែមទៀត។
បន្ថែមពីនេះឯកឧត្តម ណុប រ័ត្ននិមល ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង លោកស្រី ប៉ែន ចន្នី ជូនចំពោះសិស្សានុសិស្ស លោកគ្រូអ្នគ្រូ និងប្រជាពលរដ្ឋ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលតែងតែមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទាំងអស់។
ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងថា សិស្សានុសិស្សគឺជាមូលធនមនុស្សមួយដ៏មានសារៈសំខាន់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជាបន្តទៀត នៅក្រោមម្លប់សន្តិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តវេនពីសម្តេចតេជោ ហ៊ុនសែន។
ក្នុងឱកាសនោះដែរឯកឧត្តម ណុប រ័ត្ននិមល ក៏បានលើកទឹកចិត្ត និងជម្រុញដល់សិស្សានុសិស្សនៅទូទាំងស្រុកណ្តាលស្ទឹង ឱ្យខិតខំសិក្សារៀនសូត្រឱ្យក្លាយខ្លួនជាសិស្សល្អ មនុស្សល្អ និងជាទំពាំងស្នងឬស្សី ដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនជាបន្តទៀត និងបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង បន្តការចូលរួមថែរក្សាសុខសន្តិភាព ដើម្បីសុភមង្គលគ្រប់ក្រុមគ្រួសារ និងបាននាំយកថវិកាដែលេជាអំណោយរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងលោកស្រី ប៉ែន ចន្នី ប្រគល់ជូនលោកនាយកសាលា ប្រធានគណៈកម្មាការប្រឡងស្រុកកណ្តាលស្ទឹងផងដែរ៕























