អភិបាលខេត្តកំពត អំពាវនាវពលរដ្ឋចូលរួមដាំ និងថែរក្សាដើមឈើ ដើម្បីបន្សល់ទុកបរិស្ថានស្រស់ស្អាត និងប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ


ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមដាំ និងថែរក្សាដើមឈើ ដើម្បីបន្សល់ទុកបរិស្ថានស្រស់ស្អាត និងប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយ។​ ការស្រឡាញ់ដើមឈើ និងព្រៃឈើ គឺជាការរួមចំណែកការពារបរិស្ថាន កាត់បន្ថយគ្រោះធម្មជាតិ ដូចជាព្យុះ ទឹកជំនន់ និងការបាក់ស្រុតដី ព្រមទាំងផ្តល់អនុផលព្រៃឈើ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

ការអំពាវនាវដូច្នេះ ខណៈឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ចូលរួមជាគណៈអធិបតីក្នុងពិធីរុក្ខទិវា ៩កក្កដា ដែលបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណជើងភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ដោយចូលរួមពីមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ការដាំដើមឈើ ការថែរក្សា និងអភិរក្សព្រៃឈើ មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយប៉ុណ្ណោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានបៃតង ការពារប្រភពទឹក និងទប់ស្កាត់ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ ការដើមឈើមួយដើម ដែលត្រូវបានដាំនៅថ្ងៃនេះ នឹងផ្តល់ម្លប់ ខ្យល់បរិសុទ្ធ ការពារប្រភពទឹក និងរួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នាពេលអនាគត។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ខេត្តកំពតមានគោលបំណងអភិវឌ្ឍន៍តំបន់ភ្នំទ្វារ ឲ្យក្លាយជាតំបន់ទេសចរណ៍វប្បធម៌ និងសាសនា ដែលមានសោភ័ណភាពបៃតង និងលម្អដោយដើមឈើផ្ការីកគ្រប់រដូវ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានលើកឡើងថា រុក្ខទិវា គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ក្នុងការបំផុសស្មារតីស្រឡាញ់ធម្មជាតិ និងលើកកម្ពស់ការចូលរួមអភិរក្សធនធានព្រៃឈើ។ ក្នុងឱកាសនេះ ក្រុមការងារបានរៀបចំដាំកូនឈើជាង៦០០ដើម នៅតាមបណ្តោយផ្លូវជាតិជើងភ្នំទ្វារ និងផ្លូវឡើងភ្នំទៅប្រាសាទមាស លោកជំទាវម៉ៅ និងបានចែកកូនឈើជាច្រើនដើមទៀត ដល់អង្គភាពកងកម្លាំង ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពលរដ្ឋ ដែលបានចូលរួមផងដែរ៕