នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. តំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា «ចែករំលែកបទពិសោធ នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤»។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ បានគូសបញ្ជាក់ពីសាវតា នៃកម្មវិធីវាយតម្លៃ អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដែលត្រូវបានដាក់ឱ្យអនុវត្តការប្រកួតប្រជែងក្នុងគោលដៅ ដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងការកៀរគរពីសហគមន៍ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធនានា ដើម្បីចូលរួមគាំទ្រ និងអភិវឌ្ឍសាលារៀន និងមណ្ឌលសុខភាពនៅតាមមូលដ្ឋាន។
ឯកឧត្តមបានលើកឡើងថា ការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់បេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដែលផ្តោតលើកម្រិត អនុវិទ្យាល័យ និងសាលាបឋមសិក្សា សម្រាប់វិស័យអប់រំ និងកម្រិតមណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាពនីមួយៗ ដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជូនដល់បណ្តាអង្គភាពផ្សេងទៀត ដែលបានចូលរួម ក្នុងអង្គសិក្ខាសាលានានាពេលនេះ។
ឯកឧត្តម ឆាយ ឆត្រាវុធ បានបញ្ជាក់ថា បេក្ខភាពអង្គភាពអនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាព ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ គឺជាអង្គភាពដែលបានសម្រេចនូវសូចនាករជាអតិបរមា នៃលក្ខណៈវិនិច្ឆ័យគោលទាំង៨ ក្រោមការវាយតម្លៃយ៉ាងម៉ត់ចត់ ច្រើនដំណាក់កាល និងមានការទទួលខុសត្រូវច្បាស់លាស់ មានសុចរិតភាព តម្លាភាព និងប្រកបដោយវិជ្ជាជីវៈ៕











