ឆមាសទី១ ឆ្នាំ២០២៦ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ផ្តល់សេវាជូនពលរដ្ឋបានជាង១២ម៉ឺនសេវា


អង្គប្រជុំ ស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាល តាមអង្គភាព ច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២៦ ដើម្បីឱ្យការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កាន់តែល្អប្រសើរបន្ថែមទៀត ពិសេសផ្តោតសំខាន់លើការផ្តល់សេវាសុរិយោដី និងសំណង់។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ព្រមទាំងអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ បង្កើតឡើងបាន៨ឆ្នាំហើយ ហើយសេវាប្រមាណ៩៨% បានចូលមកតាមច្រកនេះ ជាមួយនិងភាពលឿនរហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋ។ ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ បានផ្តល់សេវាជូនពលរដ្ឋបានជាង ១២ម៉ឺនសេវា។ ក្រៅពីអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ យើងក៏មានច្រកចេញចូលតែមួយនៅតាមខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ផងដែរ។

ក្នុងនាមអាជ្ញាធរនៅថ្នាក់ក្រោមជាតិ និងបន្តការងារនេះ កាន់តែល្អជាងមុនថែមទៀត ដែលថ្នាក់ជាតិប្រគល់ជូន។ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពិនិត្យជាប្រចាំ នៅតាមច្រកចេញចូលតែមួយ ខណ្ឌ និងសង្កាត់ ធ្វើយ៉ាងណាឱ្យការផ្តល់សេវានេះ ទទួលបានការគាំទ្រ ជឿទុកចិត្ត ពេញចិត្តពីប្រជាពលរដ្ឋ។ សូមអនុវត្តការងារនេះឱ្យបានព្រមៗគ្នា។

ចំណែកឯកឧត្តម សួស ប្រាថ្នា បានបញ្ជាក់ថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងពិនិត្យមើលអំពីវឌ្ឍនៈភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រមូលយកបញ្ហាប្រឈម សេសសល់មួយចំនួន មកពិភាក្សា ដើម្បីឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ មានរយៈពេលខ្លី សាមញ្ញា និងមានភាពងាយស្រួលជាងមុន កាត់បន្ថយការថ្នាំថ្នាក់ពីប្រជាពលរដ្ឋ។

ឯកឧត្តម សួស ប្រាថ្នា បានបន្តថា ដើម្បីឱ្យការបំរើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុនថែមទៀតនោះ យើងត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ពិភាក្សាគ្នា ធ្វើយ៉ាងណាឱ្យឯកសារ ដែលត្រូវផ្តល់ជូនពីប្រជាពលរដ្ឋ មានភាពសាមញ្ញ ខ្លី និងងាយស្រួលជាងមុន។ ត្រូវប្រជុំលើការងារនេះ ឱ្យបាន៣ដង ក្នុង១ខែ ជាមួយនិងចាត់មន្ត្រី ឱ្យចុះតាមដាន ពិនិត្យមើលជាប្រចាំ នៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ដោយឡែកតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ផងដែរថា មានសេវា ២ប្រភេទ ដែលចាំបាច់ និងសំខាន់ នោះគឺសេវាសុរិយោដី និងសេវាសំណង់ ព្រោះវាពាក់ព័ន្ធធំជាមួយប្រជាពលរដ្ឋ និងអ្នកវិនិយោគ មិនថានៅក្រៅស្រុក ឬនៅក្រៅស្រុក។ ថ្ងៃនេះយើងត្រូវពិនិត្យរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ រកគន្លឹះដោះស្រាយឱ្យកាន់តែល្អ ខ្លី សាមញ្ញ ជូនពលរដ្ឋ៕